និស្សិតខ្មែរភាគច្រើនដែលបញ្ចប់ការសិក្សាហើយ ខ្លះក៏ពិបាកក្នុងការរងការងារធ្វើ ដោយសារតែការជ្រើសរើសជំនាញរៀនមិនសមស្រប ទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ពោលគឺជំនាញ «មិនត្រូវប៉ាន់»។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education លើកឡើងថានិស្សិតខ្មែរភាគច្រើន ចូលចិត្តរៀនជំនាញណាដែលស្រួលរៀន និងរៀនជំនាញណាដែលមានគេរៀនច្រើន រៀនតាមមិត្តភក្តិ ទាំងនេះហើយដែលជាហេតុធ្វើឲ្យពេលបញ្ជប់ការសិក្សា ពិបាករកការងារធ្វើ។

លោកឧកញ៉ាបន្តថា ដើម្បីរៀនចប់ភ្លាមមានការងារធ្វើភ្លាម យើងត្រូវរៀនជំនាញណាដែលកំពុងតែត្រូវប៉ាន់ ពោលគឺជំនាញដែលមានតម្រូវការទីផ្សារការងារច្រើន មានឱកាសការងារច្រើន ប៉ុន្តែមានអ្នករៀនជំនាញនោះតិចតួច។

លោកឧកញ៉ាថា៖ «ជំនាញត្រូវប៉ាន់ហ្នឹងមានដូចជា ជំនាញអគ្គិសនី ជាងម៉ាស៊ីនត្រជាក់ វិស្វករព័ត៌មានវិទ្យា ជាងគំនូរ និងពេទ្យជាដើម។ ប្រសិនបើនិស្សិតរៀនជំនាញទាំងអស់ហ្នឹង ខ្ញុំហ៊ានធានាថា នៅពេលពួកគេរៀនចប់មិនខ្វះការងារធ្វើនោះឡើយ »។

លោកឧកញ៉ាបន្ថែមថា ដោយសារតែនិស្សិត និងប្រជាពលរដ្ឋនៅកម្ពុជាម្នាក់ៗចូលចិត្តធ្វើការងារស្រួលក្នុងការិយាល័យម៉ាស៊ីនត្រជាក់ និងមិនចង់ប៉ះថ្ងៃខ្លាចក្តៅ។

លោកថា៖ « នៅស្រុកខ្មែរយើង មិនសូវមានអ្នករៀនជំនាញហ្នឹងទេ គឺដោយសារពួកគេម្នាក់ៗចង់ធ្វើការអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ ចង់ធ្វើការតែក្នុងការិយាល័យ និយាយរួមទៅម្នាក់ៗខ្លាចក្ដៅ ខ្លាចខ្មៅខ្លាំងណាស់ »។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនច្រើនណាស់ប្រកាសជ្រើសរើសបុគ្គលិក ជំនាញអគ្គិសនី ជាងម៉ាស៊ីនត្រជាក់វិស្វករ ព័ត៌មានវិទ្យា ជាងគំនូរ និងពេទ្យ ប៉ុន្តែពុំសូវមានបេក្ខជនដាក់ពាក្យច្រើននោះទេ តែបើមានគឺដឹងតែដណ្ដើមគ្នា​យកតែម្ដង។

លោកបន្ថែមទៀតថា៖ « និស្សិតត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ មុននឹងជ្រើសរើសសិក្សានូវជំនាញណាមួយពិសេសនោះត្រូវជ្រើសរើសសិក្សា ​នូវជំនាញណាដែលមានទីផ្សារការងារច្រើន ពោលគឺជំនាញដែលត្រូវប៉ាន់ដែលជាជំនាញមានអ្នករៀនតិចតែឳកាសការងារច្រើន »។

លោកឧកញ៉ា គួច ម៉េងលី ជម្រាបផងដែរថា ដើម្បីឱ្យជំនាញត្រូវប៉ាន់របស់យើង ពេលរៀនចប់កាន់តែមានសក្ដានុពលនិងមានតម្រូវការទីផ្សារការងារកាន់តែខ្ពស់ និស្សិតត្រូវរៀនជំនាញនោះប្រកបដោយការយកចិត្តទុកដាក់ រៀនយកចំណេះដឹងពិតប្រាកដ និងចាប់យកជំនាញច្បាស់លាស់៕