នៅក្នុងសហគ្រាសខ្នាតតូចនិងមធ្យម មានរឿងរ៉ាវជាច្រើនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស​ការងារគ្រប់គ្រងបុគ្គលិក និងបរិស្ថាន​ការងារក្នុងស្ថាប័ន។

លោកស្រី យូ បូរី ស្ថាបនិកក្រុមហ៊ុន TEDP និងជាអ្នកជំនាញធនធានមនុស្ស បានលើកឡើងថា ក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុន ការមិនចេះរៀបចំប្រជុំឬការដែលចេះតែកោះហៅបុគ្គលិកប្រជុំ តាមអារម្មណ៍ជារឿង​គ្រោះថ្នាក់មួយដែលម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមទាំងឡាយគួរយកចិត្តទុកដាក់។ ការធ្វើបែបនេះ អាចបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ផលិតភាពការងារទឹកចិត្តបុគ្គលិក និងការអភិវឌ្ឍស្ថាប័នទាំងមូល។ ជាក់ស្តែង មានម្ចាស់អាជីវកម្មខ្លះ ចូលចិត្តកោះហៅប្រជុំភ្លាមៗនៅម៉ោង6ល្ងាច ឬម៉ោងដែលបុគ្គលិកនានាកំពុង​មមាញឹកការងារ។ ការប្រជុំបែបនេះជាការចំណាយពេលវេលា ដែលមិនសមស្របព្រោះ ពេលប្រជុំគាត់ត្រូវទម្លាក់ការងារចោលទាំងអស់ ដើម្បីមកស្តាប់រឿងដែលមិនបានព្រៀងទុកដែលធ្វើឱ្យ​ការប្រជុំនោះមិនចេញជារូបរៀង ហើយក៏គ្មានបានលទ្ធផលអ្វីទាំងអស់។

លោកស្រី យូ បូរី បាននិយាយថា៖ «​វាជាការខ្ជះខ្ជាយពេលវេលាខ្លាំងណាស់ ដែលរៀបចំប្រជុំតាមអារម្មណ៍ ព្រោះកិច្ចប្រជុំដែលគ្មានរបៀបវារៈត្រឹមត្រូវ ភាគច្រើនចំណាយពេលវេលាយូរ ហើយនិយាយបែកវាលបែកកាលគ្មានគោលដៅច្បាស់លាស់»។

អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្មម្នាក់ៗ គាត់អាចរកចំណូលបានរាប់ពាន់រាប់ម៉ឺនដុល្លារប្រសិនបើគាត់ចំណាយពេលវេលាមានប្រសិទ្ធភាព តែនៅពេលគាត់ចំណាយពេលច្រើនលើការបញ្ចេញកំហឹងក្នុងអង្គប្រជុំ គាត់នឹងបាត់បង់ពេលវេលារកស៊ីដោយគ្មានបានអ្វីមកវិញ ហើយថែមទាំងបង្កើតគុណវិបត្តិថែមទៀត។ ចំពោះបុគ្គលិកសំខាន់ៗក៏ដូចគ្នាពួកគាត់នឹងបាត់បង់ពេលវេលាធ្វើការងារតាមផែនការរបស់គាត់ ដោយសារតែមកអង្គុយស្តាប់ពាក្យ​ស្តីបន្ទោសយូរ ដែលគ្មាន​ចេញលទ្ធផល។ការប្រជុំរួមញឹកញាប់ពេក ដោយចំណាយពេលវេលាយូរទៅ តាមសាច់រឿងដែលគ្មានក្បាលកន្ទុយ នឹងធ្វើឱ្យបុគ្គលិក​ទាំងអស់មិនអាចបំពេញការងារតាមផែនការនិងអស់ពីសមត្ថភាពនោះទេ ព្រោះផែនការការងាររបស់គាត់ត្រូវបានបង្អាក់ដោយការកោះប្រជុំដដែលៗ។ បន្ថែមពីលើនេះការប្រជុំបែបនេះ នឹងបង្កើតជាសម្ពាធមិនល្អសម្រាប់អារម្មណ៍បុគ្គលិក ព្រោះមានម្ចាស់សហគ្រាសខ្លះចូលចិត្តកោះប្រជុំម៉ោង​ជិតចេញទៅផ្ទះ ដែលអាចប៉ះពាល់ខ្លាំងដល់​ជីវិតឯកជនរបស់បុគ្គលិក។ ប្រសិនបើរឿងនេះកើតឡើងញឹកញាប់ បុគ្គលិកអាចនឹងស្វែងរកកន្លែងការងារថ្មី ហើយបើទោះបីជាកន្លែងថ្មីនោះ បានចំណូលតិចជាងកន្លែងចាស់ក៏គាត់សុខចិត្តទៅដែរ។

ជាដំណោះស្រាយ លោកស្រី បូរី ណែនាំឱ្យម្ចាស់អាជីវកម្មទាំងអស់​គួរ កុំធ្វើការងារតាមអារម្មណ៍ ហើយព្យាយាមស្វែងរកមូលហេតុនៃបញ្ហានីមួយៗទៅតាមផ្នែក ដើម្បីកាត់បន្ថយការកោះហៅប្រជុំរួមញឺកញាប់ពេក។ ជាឧទាហរណ៍ ប្រសិនបើបុគ្គលិកផ្ញើទំនិញឱ្យគេខុស វាអាចមកពីអ្នកផ្ញើមកពីអ្នក​ផ្តល់ព័ត៌មានឱ្យអ្នកផ្ញើសរសេរខុស ឬអាចមកពីអ្នកលក់​ផ្តល់ដំណឹងខុសជាដើម។ ហេតុនេះប្រសិនបើមានរឿងរ៉ាវកើតឡើង សូម​ព្យាយាម​គ្រប់គ្រងនិងសួររក​ដើមហេតុក្នុងរយៈពេលខ្លី ហើយជួបត្រឹមតែអ្នកបង្កើតកំហុស​ក្នុងរយៈដើម្បី​សួរនាំ ឬកែតម្រូវជាការស្រេច។

ទោះជាយ៉ាងនេះក្តី លោកស្រីបញ្ជាក់ថា ការប្រជុំរួមនៅតែអាចធ្វើទៅបាន និងជារឿងល្អប្រសិនបើការប្រជុំនោះ មានរបៀបវារៈនិងផែនការច្បាស់លាស់។ លោកស្រីណែនាំថា ប្រសិនបើចង់ឱ្យការប្រជុំអាចដំណើរការទៅបានដោយប្រសិទ្ធភាពម្ចាស់អាជីវកម្មគួរសិក្សាឱ្យបានច្បាស់លាស់ ពីប្រភពបញ្ហានានាដែលគួរកែតម្រូវ ហើយ​ប្រើការប្រជុំនោះ ជាពេលស្តាប់​យោបល់និងប្រមូលព័ត៌មានល្អៗដើម្បីបំផុសសម្ថភាព និងភាពច្នៃប្រឌិតរបស់បុគ្គលិក​ឱ្យ​ធ្វើការងារប្រកបដោយប្រសិទ្ធភាពទើបជាការប្រសើរ៕