សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ លោក ឡោ វិចិត្រ គឺជាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ ទាំងទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទីផ្សារអចលនទ្រព្យអន្តរជាតិផងដែរ។ 

ជាការចូលរួម និងចែករំលែកនូវចំណេះដឹង រួមទាំងបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក លោក ឡោ វិចិត្រ បានលើកឡើងថា ភាពជោគជ័យរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យគឺមាន២ប្រភេទ ទី១គឺជោគជ័យត្រឹមរយៈពេលខ្លី និងទី២ ជោគជ័យក្នុងរយៈពេលវែង។ 

លោកបានបញ្ជាក់ថា៖  “ជោគជ័យរយៈពេលខ្លី គឺសំដៅទៅលើក្រុមហ៊ុនដែលផ្តោតលើបរិមាណ និងរូបភាពខាងក្រៅ ធ្វើយ៉ាងម៉េចឱ្យសាធារណៈជនមើលឃើញថាក្រុមហ៊ុនគាត់សម្បើម ហើយមានភ្នាក់ងារច្រើនក្នុងរយៈពេលដ៍ខ្លី, ពេលនោះនឹងមានម្ចាស់គំរោងជាច្រើនទាក់ទងមកគាត់ដើម្បីលក់គម្រោង ក៏ដូចជាមានភ្នាក់ងារជាច្រើនដាក់ពាក្យចូលធ្វើជាភ្នាក់ងារ”។

ក្នុងរូបភាពបែបនេះ បើក្រលែកមើលមួយភ្លែត គឺក្រុមហ៊ុនមួយនោះជោគជ័យជាមួយកំណើនភ្នាក់ងារដ៏ច្រើននោះ ហើយបន្តភាគរយនៃភាពជោគជ័យដោយការណែនាំពីគម្រោង ព្រមទាំងបិទការលក់ ដើម្បីបានកំរៃជើងសាពីម្ចាស់គម្រោង។

លោកបញ្ជាក់ថា “នៅពេលភ្នាក់ងាជាច្រើនចូលក្រុមហ៊ុនគាត់ហើយ តែមិនមានសមត្ថភាពបិទការលក់ ពួកគេនឹងប្តូរក្រុមហ៊ុនអចលនទ្រព្យថ្មីមួយទៀតជាមិនខាន។ ពេលនោះម្ចាស់គម្រោងដឹងភ្លាមថា ក្រុមហ៊ុនគាត់ផ្តោតតែលើបរិមាណភ្នាក់ងារដើម្បីចរចាយកគម្រោងទៅលក់ តែអត់មានសមត្ថភាពបិទការលក់ដូចរូបភាពខាងក្រៅដែលសម្បើមនោះទេ, នេះគឺអ្វីដែលខ្ញុំសំដៅថា ជោគជ័យរយៈពេលខ្លី”។

លោកថា “ជោគជ័យរយៈពេលវែង គឺសំដៅលើការបណ្តុះបណ្តាលភ្នាក់ងារ និងផ្តល់សេវាកម្មឱ្យបានល្អជាមួយគ្រប់អតិថិជនដោយមិនផ្តោតលើបរិមាណ ឬបំប៉ោងរូបភាពខាងក្រៅឱ្យសម្បើមទាំងដែលសមត្ថភាពភ្នាក់ងារខ្លួននៅខ្សោយ ហើយការបំរើសេវាកម្មចំពោះអតិថិជននៅមានកម្រិត”។

លោកបានបញ្ជាក់ថា “ក្រុមហ៊ុនអាចជោគជ័យរយៈពេលវែងលុះត្រាមានភ្នាក់ងារដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបំរើសេវាអតិថិជនប្រកបដោយវិជ្ជាជីវៈនិងគុណភាព មិនមែនបង្ហាញរូបភាពល្អមើលតែខាងក្រៅនោះទេ ហើយក្រុមហ៊ុនតែងតែមានវគ្គបណ្តុះបណ្តាលជំនាញជាប្រចាំជូនភ្នាក់ងារ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារឱ្យរឹងមាំទើបអាចឆ្លើយតបនឹងសំណួរ ក៏ដូចជាកង្វល់អតិថិជនលើការវិនិយោគក្នុងវិស័យអចលនទ្រព្យបាន។ ដូចនេះ ជម្រើសមាន២សម្រាប់ក្រុមហ៊ុនក៏ដូចជាភ្នាក់ងារជ្រើសរើសថា តើគួរយកជោគជ័យរយៈពេលខ្លី ឬជោគជ័យរយៈពេលវែង ?