យុវជនខ្មែរម្នាក់ ប្តេជ្ញាបន្តបង្កើតឱកាសដឹកនាំអាជីវកម្ម និងបង្កើតទំនាក់ទំនងជាមួយបណ្តាញ ដៃគូសហការបែបឌីជីថល ដើម្បីឲ្យមានជាបណ្តាញអាជីវកម្មឈានមុខគេ ក្នុងការបង្កើតទីផ្សារផលិតផលក្នុងស្រុកនៅប្រទេសកម្ពុជាកាន់តែច្រើន។

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

លោក សោម សុធា ស្ថាបនិក «ភូមិខ្មែរគ្រុប» និងជាអ្នកនិពន្ធសៀវភៅ៦៨គន្លឹះនៃគំនិត លើកឡើងថា លោកនឹងព្យាយាមក្នុងការទំនាក់ទំនង ដើម្បីរកដៃគូសហការនិងការចូលរួមគ្រប់លំដាប់ថ្នាក់ ព្រមទាំងការវិនិយោគពីប្រជាពលរដ្ឋ ដើម្បីជាការលើកកម្ពស់ផលិតផលខ្មែរ និងទីផ្សារកម្ពុជាទៅលើអាជីវកម្មផ្សេងៗពិសេសផ្នែកកសិកម្ម។

លោករៀបរាប់ថា៖ « ខ្ញុំនឹងបន្តបង្កើតឱកាស ដឹកនាំអាជីវកម្មនិងបណ្តាញទាំងអស់ កសាងទំនាក់ទំនងអាជីវកម្មជាមួយរៀមច្បង ជាមួយដៃគូរអាជីវកម្មបែបឌីជីថល ឬជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់របស់ «ភូមិខ្មែរគ្រុប» អោយក្លាយជាបណ្តាញអាជីវកម្មឈានមុខគេ ក្នុងការបង្កើតទីផ្សារផលិតផលក្នុងស្រុក១០០%ជាពិសេសផលិតផលកសិកម្ម »។

អ្នកនិពន្ធសៀវភៅ ៦៨គន្លឹះនៃគំនិតរូបនេះបន្តថា ភូមិខ្មែរគ្រុប នេះបង្កើតបានរយៈពេលជិត៤ឆ្នាំមកនេះ ហើយលោកបានបង្កើតជាកសិដ្ឋាន ចិញ្ចឹមទាយកពង និងបង្កើតជាបណ្តាញចែកចាយ និងដឹកជញ្ជូនឲ្យភ្ញៀវទាំង១៨ខេត្តក្រុង ព្រមទាំងបណ្តាញអាជីវកម្មជាង១០មុខផ្សេងទៀត។

លោកថា៖ «​ យើងបង្កើតបានទាំងកសិដ្ឋាន បណ្តាញចែកចាយទាំង១៨ខេត្តក្រុង បណ្តាញអាជីវកម្មជាង១០មុខបណ្តាញធនធានមនុស្ស ក្នុងប្រិតបត្តិការការងារជាង២០០នាក់ បណ្តាញដឹកជញ្ជូនផ្ទាល់ខ្លួននិងទំនាក់ទំនងផ្ទាល់ជាមួយបណ្តាញដឹកជញ្ជូនដល់តាមបណ្តាខេត្ត»។

លោក សោម សុធា បន្ថែមថា លោកសង្កេតឃើញថាបច្ចុប្បន្នទីផ្សារបែបបច្ចេកវិទ្យាមានការរីកលូតលាស់ខ្លាំងដែលជាហេតុធ្វើឲ្យលោកបង្កើតបណ្តាញដឹកជញ្ជូនផ្ទាល់ខ្លួន និងបង្កើតជាក្រុមការងារលក់អនឡាញនៃក្រុមការងារថ្នាក់ដឹកនាំអាជីវកម្មនីមួយៗ។

លោកបញ្ជាក់ថា៖ « ខ្ញុំមើលឃើញឱកាសនិងគុណតម្លៃនៃការរៀបចំដឹកនាំអាជីវកម្មអោយស្របទៅនឹងឧស្សាហកម្ម៤.០ជាពិសេសការធ្វើទីផ្សារ និងការលក់បែបឌីជីថល »។

ស្ថាបនិកកសិដ្ឋាននិងអាជីវកម្មរូបនេះបន្ថែមទៀតថា ថ្មីៗនេះលោកបានបង្កើតជាក្រុមការងារថ្នាក់ដឹកនាំដែលជាអ្នកប្រឹក្សានៃអាជីវកម្ម«ភូមិខ្មែរគ្រុប»ដើម្បីឲ្យអាជីវកម្មខ្មែររីកលូតលាស់កាន់តែធំ និងក្តាប់យកឱកាសវិនិយោគនានារបស់ក្រុមអាជីវកម្មយើងឲ្យកាន់តែប្រសើរនាពេលខាងមុខ។

លោកជម្រាបថា៖ « ខ្ញុំក៏បានរៀបឱកាសកសាងក្រុមការងារថ្នាក់ដឹកនាំជាក្រុមប្រឹក្សាភិបាលនិងក្រុមប្រឹក្សាភិបាលកិត្តិយសរបស់ ភូមិខ្មែរគ្រុបដើម្បីឈានដល់ការបង្កើតយុទ្ធសាស្រ្តអាជីវកម្មកាន់តែធំ ការបង្កើតអាជីវកម្មថ្មីៗនិងប្រសើរតទៅអនាគត »។

ស្ថាបនិក«ភូមិខ្មែរគ្រុប»រូបនេះបានឲ្យដឹងថាអាជីវកម្មដែលបានបង្កើតមានបច្ចុប្បន្នរួមមានភូមិពងទាខ្មែរ ភូមិកាហ្វេ ភូមិគ្រប់មុខ១០០០០៛ ភូមិរតនៈ ភូមិមរតកភូមិចែកចាយផលិតផលខ្មែរ ក្រុមហ៊ុន iLEAD និងក្រុមបណ្តាញយុវជនB2T៕