ការគ្រប់គ្រងហិរញ្ញវត្ថុ ជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សយើងម្នាក់ៗ ព្រោះប្រសិនបើយើងគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ នោះយើងនឹងមិនអាចសម្រេចក្តីស្រមៃធំៗនានាបាននោះទេ។ ជាក់ស្តែងប្រសិនបើយើងគ្មានលទ្ធភាពក្នុងការស្វែងរកឯករាជ្យភាពសេដ្ឋកិច្ចខ្លួនឯងទេ យើងក៏មិនអាចក្លាយជាមនុស្សម្នាក់ដែលមានឯករាជ្យភាពពីគ្រួសារ មានលទ្ធភាពបន្តការសិក្សា ឬបង្កើតសម្មិទ្ធិផលណាដែលសំខាន់សម្រាប់ជីវិតខ្លួនឯងដែរ។
ពាក់ព័ន្ធឹនឹងបញ្ហានេះ អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងថា យុវវ័យចាំបាច់ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុទើបអាចអភិវឌ្ឍជិវិតបានល្អ និងមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃអនាគត។ លោកថា យុវជនជាច្រើននៅកម្ពុជាចូលចិត្តចាយលុយ តែមិនចូលចិត្តសន្សំលុយនោះទេ ហេតុនេះហើយទើបពេលខ្លះពួកគេត្រូវរស់នៅក្នុងជីវិតដែលមិនមានការអភិវឌ្ឍខ្លាំងផ្នែកជីវភាព។
អ្នកជំនាញខាងលើបញ្ជាក់ថា មនុស្សម្នាក់ៗគួរចាយវាយលើផ្នែកសំខាន់ៗ៤យ៉ាង ដើម្បីឲ្យជីវិតកាន់តែមានភាពរីកចម្រើន។ ចំណុចសំខាន់ទី១ គឺមនុស្សម្នាក់ៗគួរវិនិយោគឬចាយវាយលើការអភិវឌ្ឍសមត្ថភាព។ ផ្នែកនេះជាផ្នែកសំខាន់ខ្លាំងណាស់ ព្រោះនៅពេលយើងមានសមត្ថភាពកាន់តែខ្លាំង និងទូលំទូលាយ វានឹងអាចធ្វើឲ្យយើងមានឱកាសកាន់តែខ្លាំងក្នុងការធ្វើការងារកាន់តែធំជាងមុន ឬអភិវឌ្ឍសមត្ថភាពមុខរបរកាន់តែខ្លាំងជាងមុន។
លោក ង៉ែត ជូ មានប្រសាសន៍ថា៖ «ការវិនិយោគលើការសិក្សាមិនប្រាកដថាត្រូវវិនិយោគលើការបន្តការសិក្សាក្នុងសាលានោះទេ តែការស្វះស្វែងររៀនសូត្រពីវគ្គជំនាញខ្លី ការអានសៀវភៅ ឬការស្រាវជ្រាវពីបច្ចេកវិទ្យាក៏ជាផ្នែកដ៏ល្អដែលយើងរៀនបានដែរ»។
ផ្នែកសំខាន់ទី២ ដែលលោក ង៉ែត ជូ ណែនាំគឺ ការប្រើប្រាស់ប្រាក់ដើម្បីវិនិយោគ ឬធ្វើឲ្យប្រាក់បង្កើតកូនដោយខ្លួនឯង ដូចជាការវិនិយោគជាមួយនឹងការទិញភាគហ៊ុន ការវិនិយោគលើអចលនទ្រព្យ ឬការចូលគ្នាបង្កើតអាជីវកម្មដើម្បីឲ្យចរន្តលុយដើរ ហើយបង្កើតបានជាភាគលាភ ឬលុយចំណេញមកវិញ។ ចំណុចនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចំណុចដំបូង ព្រោះដើម្បីវិនិយោគប្រកបដោយភាពឆ្លាតវៃនិងទទួលបានផលចំណេញ យើងម្នាក់ៗគួរមានចំណេះដឹងជាមូលដ្ឋានឲ្យរឹតមាំជាមុនសិន ទើបគេមិនបោកយើងបាន ឬមិនធ្វើឲ្យយើងខាតបង់។
ការចំណាយត្រឹមត្រូវទី៣ គឺយើងគួរចំណាយដើម្បីបង់រំលោះទិញផ្ទះ ទ្រព្យ ឬសន្សំក្នុងធនាគារ។ ការទិញផ្ទះក៏គួរទិញឲ្យសមល្មមតាមតម្រូវការ កុំឡូយឆាយពេកដែលធ្វើឲ្យយើងខាតបង់ការប្រាក់ច្រើន តែគួរទិញផ្ទះណាដែលមានឱកាសចំណេញ ឬដើម្បីជាជម្រករឹងមាំកាត់បន្ថយការចំណាយលើការជួលផ្ទះគេ។ វាក៏ជាផ្នែកយ៉ាងសំខាន់មួយក្នុងការធ្វើឲ្យយើងមានវិន័យខ្លួនឯងផងដែរ ព្រោះបង់រំលោះផ្ទះត្រូវការផែនការច្បាស់លាស់ទើបអាចធ្វើបាន។
ចំណុចសំខាន់ទី៤ គឺព្យាយាមរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពសាមញ្ញ និងកុំឲ្យខ្លួនឯងលង់ខ្លួនក្នុងសម្ភារៈនិយម។ ចំណុចនេះសំខាន់ខ្លាំងណាស់សម្រាប់យុវជននាពេលបច្ចុប្បន្ន ដែលចូលចិត្តប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទំនើបៗ ផលិតផលម៉ាកល្បី ឬចូលចិត្តបង្អួតពីភាពហ៊ឺហាជាដើម។ ហេតុនេះដើម្បីសល់លុយច្រើន សម្រាប់ធ្វើរឿងដែលមានប្រយោជន៍ត្រូវតែចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អ និងបែងចែកឲ្យដាច់ពីតម្រូវការ និងចំណង់៕