ពេលនិយាយពីការសរសេរប្រវត្តិរូបឱ្យមានប្រសិទ្ធភាពគឺច្រើនតែសំដៅលើការបញ្ចូលគ្រប់ជំនាញរបស់អ្នកដើម្បីបង្ហាញពីតម្លៃក្នុងនាមជាបេក្ខជនដ៏ពូកែម្នាក់។ ខណៈដែលគ្រប់គ្នាតែងតែផ្ដោតលើព័ត៌មានបែបបុរាណដូចជា ប្រវត្តិការងារ ការសិក្សា ជំនាញជាដើមនោះ នៅមានរបស់សំខាន់ៗមួយចំនួនទៀតដែលអ្នកអាចបញ្ចូលទៅក្នុង CV របស់អ្នកដើម្បីបង្ហាញពីសក្ដានុពលរបស់អ្នកកាន់តែខ្លាំងហើយបេក្ខជនដទៃអាចមិនមាន។
១. ការងារតស៊ូមតិ ការគាំទ្រ ឬការងារយុត្តិធម៌សង្គម
ការងារតស៊ូមតិគឺជាមាតិកាដ៏មានតម្លៃបំផុតមួយដែលគួរបញ្ចូលទៅក្នុង CV។ តើអ្នកធ្លាប់ធ្វើការតស៊ូមតិសម្រាប់សមាជិកគ្រួសារឬក្រុមមនុស្សដែលទន់ខ្សោយណាមួយដែរឬទេ? ឧទាហរណ៍ អ្នកធ្លាប់បានតស៊ូមតិឬធ្វើការងារគាំទ្រដល់អ្នកណាម្នាក់ដែលត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រពិការភាព ឬចូលរួមក្នុងសកម្មភាពយុត្តិធម៌សង្គមណាមួយ។ អ្នកអាចសរសេរបទពិសោធន៍ទាំងនេះនៅក្នុងផ្នែក Freelance ដោយសរសេរឈ្មោះក្រុមហ៊ុន/ស្ថាប័ននិងសកម្មភាពការងារដែលអ្នកបានធ្វើកន្លងមកនោះ។
២. គ្រោងការណ៍ផ្ទាល់ខ្លួន (ឧទា៖ ការងារជួលជុលផ្ទះជាថ្មី)
ចំណុចនេះអាចមើលទៅដូចជាសាមញ្ញពេកតែការដែលបញ្ចូលការងារនេះទៅក្នុងប្រវត្តិរូបរបស់អ្នក វាបង្ហាញពីភាពច្នៃប្រឌិត សមត្ថភាពគ្រប់គ្រងគម្រោងការណ៍ការប្រាស្រ័យទាក់ទង ការគ្រប់គ្រងការងារពហុផ្នែក និងភាពអត់ធ្មត់ជាដើម។ ការបញ្ចូលចំណុចនេះវាអាចមានប្រយោជន៍ចំពោះអ្នកដែលកំពុងដាក់ពាក្យក្នុងវិស័យ Creativeឬនៅពេលដែលអ្នកចង់ប្ដូរពីការងារបែបCreative ទៅជំនាញណាមួយផ្សេងទៀត។
៣. ការធ្វើដំណើរ
ទោះបីពេលនេះ គ្រប់គ្នាមិនអាចធ្វើដំណើរឆ្លងប្រទេសបានប៉ុន្តែការបញ្ចូលបទពិសោធន៍ជិះយន្តហោះឆ្លងប្រទេសនេះទៅក្នុងប្រវត្តិរូបគឺជាចំណុចដ៏សំខាន់មួយក្នុងការបង្ហាញលក្ខណៈពិសេសរបស់អ្នក។បទពិសោធន៍ធ្វើដំណើររបស់អ្នកកន្លងមកអាចបង្ហាញពីសមត្ថភាពក្នុងការបន្ស៊ាំខ្លួនការគ្រប់គ្រងពេលវេលា ទំនាក់ទំនងអន្តរជាតិ និងការប្រស្រ័យទាក់ទង។មិនថាជាការធ្វើដំណើរបែបមុខជំនួញ (BusinessTrip) ដែលទៅតាមរយៈក្រុមហ៊ុនដែលអ្នកធ្វើការកន្លងមក ឬទៅបែបឯកជនដែលជាដំណើរវិស្សមកាលវាសុទ្ធតែជាចំណុចដែលអាចយកមកបង្ហាញបាន ព្រោះវាបង្ហាញពីការរុករករបស់ថ្មីៗ គំនិតច្នៃប្រឌិត និងការទាក់ទងដ៏ល្អមួយ៕