មានមតិជាច្រើនលើកឡើងថា អ្នកបាននិទ្ទេសមធ្យមភាគច្រើនមានវាសនាល្អជាងអ្នកដែលទទួលបាននិទ្ទេសខ្ពស់បំផុតស្របពេលដែលមានមតិមួយចំនួនបានលើកឡើងមកវិញថា វាមិនពិតទាំងស្រុងនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានបញ្ជាក់ថាមូលហេតុដែលសិស្សនិទ្ទេស A មួយចំនួនមិនសូវទទួលបានជោគជ័យដោយសារតែអ្នកបាននិទ្ទេស A ភាគច្រើនគឺខ្លាចស្រមោលខ្លួនឯង។និទ្ទេស A ឬ និទ្ទេស B ជានិទ្ទេសខ្ពស់ៗហេតុនេះពួកគាត់ស្ថិតក្នុងការចាប់អារម្មណ៍របស់សង្គម។កត្តានេះហើយដែលធ្វើឱ្យគាត់គិតច្រើនលើរាល់សកម្មភាពរបស់គាត់។
គ្រប់ដំណាក់កាលនៃជីវិតទាំងអស់ គឺតែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត រហូតមានពេលខ្លះគាត់មិនហ៊ានធ្វើសកម្មភាព ឬចូលរួមសកម្មភាពប្រកួតប្រជែងនោះទេ។ ពួកគេខ្លាចការតិទៀនរបស់សង្គម និងខ្លាចក្រសែភ្នែកអ្នកដទៃ ជាពិសេសគឺខ្លាចបាក់មុខនៅពេលដែលប្រកួតប្រជែងចាញ់អ្នកដែលបាននិទ្ទេសមិនសូវខ្ពស់។ ភាពភ័យខ្លាចនេះហើយ ដែលធ្វើឱ្យអ្នកនិទ្ទេសខ្ពស់មិនសូវទទួលបានលទ្ធផលល្អ។
លោក គីម ដារ៉ា បានលើកឡើងផងដែរថា ផ្ទុយមកវិញមូលហេតុដែលធ្វើឱ្យអ្នកទទួលបាននិទ្ទេស C ទទួលបានសម្មិទ្ធិផលច្រើនក្នុងជីវិត ដោយសារតែគាត់មិនសូវខ្លាចការទិតៀន។ គាត់យល់ថា គាត់ស្ថិតក្នុងកម្រិតមធ្យម ហេតុនេះ រាល់ការប្រកួតប្រជែងឬរាល់សកម្មភាពនានាគាត់មិនសូវបារម្ភនោះទេ តែអ្វីដែលគាត់ផ្តោតបំផុតគឺការខិតខំប្រឹងប្រែងបន្ថែមឱ្យកាន់តែខ្លាំង។
មែនទែនទៅ អ្នកបាននិទ្ទេសC មិនមែនជាមនុស្សអន់នោះទេ តែគាត់ជាអ្នកដែលមានមានសមត្ថភាព មិនចាញ់អ្នកបាននិទ្ទេសA ឬ B ប៉ុន្មាននោះទេ គ្រាន់តែពេលខ្លះគាត់ភ្លាត់ភ្លាំងមួយពេល ទើបធ្វើឱ្យគាត់ត្រូវធ្លាក់ទៅនិទ្ទេសនេះ។ហេតុនេះប្រសិនបើពួកគាត់ពូកែហើយ ប្រឹងប្រែងចាប់យកឱកាសបន្ថែមទៀត គាត់ប្រាកដជាមានអត្រាខ្ពស់ក្នុងការទទួលភាពជោគជ័យ។
លោក គីម ដារ៉ា បានបញ្ជាក់ផងដែរថា អ្នកនៅក្នុងនិទ្ទេសC ភាគច្រើនគាត់មិនខ្លាចបរាជ័យនោះទេ ព្រោះទោះបីជាបរាជ័យក៏ដោយ ក៏គាត់មិនសូវខ្វល់ដែរ ព្រោះគាត់មិនមែនជាផ្ទាំងស៊ីបរបស់សង្គមនោះទេ ដែលកត្តានេះធ្វើឱ្យគាត់ទទួលបានលទ្ធផលល្អច្រើន។ ទោះជាយ៉ាងណាក្តីសម្រាប់អ្នកដែលបាននិទ្ទេស A ឬ B វិញបើគាត់មិនខ្លាចការទិតៀនរបស់សង្គម គាត់នឹងទទួលបានជោគជ័យ ព្រោះគាត់មានសមត្ថភាពស្រាប់ ហើយគាត់ហ៊ានចូលរួមក្នុងការប្រកួតប្រជែងទៀតគាត់នឹងទទួលបានលទ្ធផលល្អ៕
