ខេត្តព្រះសីហនុ ៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ស៊ីថា បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ១៤៦បេ និងលេខ១៤៨ ប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូ បានជួបប្រជុំពិភាក្សាអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធលើបីចំណុចរួមមាន៖ ១) ទីតាំងប្រារព្ធពិធី ២) ការរៀបចំមហាជនចូលរួម និង៣)សន្តិសុខសុវត្ថិភាព។
ជាលទ្ធផល អង្គប្រជុំបានសម្រេចជ្រើសរើសយកទីតាំងប្រារព្ធពិធីឋិតនៅចម្ងាយពីផ្លូវជាតិលេខ៤ ប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ និងមានចំងាយ២០គីឡូម៉ែត្រពីផ្លូវប្តូរទិសស្ទឹងហាវ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចាត់ចែងឈូសឆាយសម្រួលទីតាំងពិធី និងទីតាំងចតរថយន្ត រៀបចំប៉ាណូរូបភាព និងការងារមួយចំនួនទៀត។ អាជ្ញាធរខេត្តនឹងរៀបចំមហាជនចូលរួមប្រមាណ ៣ ០០០ នាក់។ ដោយឡែក ការងារសន្តិសុខសុវត្ថិភាព ត្រូវចាត់ចែងរៀបចំដោយសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន។