រាជធានីភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ត្រូវបានប្រកាសដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកទី១ កញ្ញា២០២១ តាមប្រព័ន្ធអនឡាញ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នេះជាការធ្វើឲ្យកាន់តែប្រសើរឡើង និងមានភាពកាន់តែងាយស្រួល បន្ថែមលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ដែលបានដាក់ឲ្យប្រើប្រាស់នាឆ្នាំ២០២១កន្លងទៅ ដែលបានផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិការសម្រាប់ធុរកិច្ចជន។
ប្រព័ន្ធថ្មីនេះ ជាការបន្ថែមនូវការចុះបញ្ជីដែលមានលក្ខណៈបច្ចេកទេស ទៅតាមប្រភេទអាជីវកម្ម ដោយមានបន្ថែមនូវ ក្រសួង ស្ថាប័នចំនួន ៤បន្ថែមទៀត នោះគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
មានន័យថា ធុរកិច្ចជន ឬអ្នកប្រើប្រាស់ (១) អាចស្នើសុំប្រកាសស្ដីពី ការបង្កើតសហគ្រាសធុនតូចនិងមធ្យម (២) អាជ្ញាបណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (៣) អាជ្ញាបណ្ណទេសចរណ៍សម្រាប់សណ្ឋាគារ សេវាស្នាក់នៅទេសចរណ៍ (៤)អាជ្ញាបណ្ណទេសចរណ៍សម្រាប់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (៥)អាជ្ញាបណ្ណបំពេញប្រតិបត្តិការលើ វិស័យ ICT (៦)អាជ្ញាបណ្ណ/លិខិតអនុញ្ញាតលើវិស័យទូរគមនាគមន៍ (៧) អាជ្ញាបណ្ណអាជីវកម្មបញ្ចាំ (៨) អាជ្ញាបណ្ណអាជីវកម្មប្រតិភោគដោយអនុប្បទាន។
ខាងក្រោមនេះជាតំណភ្ជាប់ដើម្បីចូលទៅប្រើប្រាស់ប្រព័ន្ធថ្នាលចុះបញ្ជីអាជីវកម្មអនឡាញនេះ ៖ https://www.registrationservices.gov.kh/