រាជធានីភ្នំពេញ៖ ប្រទេសជប៉ុន នឹងបន្តផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា សរុបប្រមាណជាង ៧២លានដុល្លារបន្ថែមទៀត នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ការផ្ដល់ជំនួយនេះ នឹងត្រូវចុះហត្ថលេខាលើ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដោយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។
១. ឥណទានសម្បទាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។
២. ហិរញ្ញប្បទានឥតសំណង៖
- គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)
- គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
- សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
- គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង
- គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។
ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕