សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ
Comfort Zone ត្រូវបានគេកំណត់សម្គាល់ថាជាចំណុចសុវត្ថិភាពសម្រាប់មនុស្សម្នាក់ ឬជាចំណុចដែលមានភាពនឹងនរបំផុត។ មានអ្នកខ្លះយល់ថា វាជាចំណុចដែលមនុស្សគួររក្សាឱ្យបានយូរអង្វែង ព្រោះវាជាចំណុចដែលធ្វើឱ្យមនុស្សមានសេចក្តីសុខ ឬមិនជួបភាពលំបាកជាដើម។
ការគិតបែបនេះ មិនប្រាកដថាខុសហើយក៏ប្រាកដថាត្រឹមត្រូវទាំងស្រុងដែរ។ វាពិតជាត្រឹមត្រូវដែលថាមនុស្សម្នាក់ៗគួរចេះឆ្អែតឆ្អន់ហើយរស់នៅក្នុងតំបន់សុវត្ថិភាពសម្រាប់ខ្លួនឯង តែវាមិនមែនជាចំណុចត្រឹមត្រូវពេកនោះទេដែលត្រូវរស់នៅស្ងៀម ងាប់ក្រលាហើយមិនព្រមអភិវឌ្ឍឱ្យកាន់តែខ្លាំងនោះ។ ម្យ៉ាងវិញទៀត បើគិតលើស្ថានភាពពិតនៃធម្មជាតិយើងឃើញថា មនុស្សរស់នៅក្នុងពិភពលោកដែលដែលប្រែប្រួលគ្រប់វិនាទី។ ហេតុនេះទោះនៅស្ងៀមក៏មិនប្រាកដថាទទួលបានសេចក្តីសុខរហូតដែរ។
លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុនស្រម៉ោចត្រេឌីង បានលើកឡើងថា ការដែលយើងនៅស្ងៀមហើយមិនព្រមអភិវឌ្ឍអ្វីសោះ អាចនឹងធ្វើឱ្យយើងជួបនឹងបញ្ហាទៅវិញទេ ព្រោះទោះបីជាយើងមិនរត់ទៅរកបញ្ហាក៏បញ្ហាវារត់មករកយើងដែរ។ ហេតុនេះ អ្វីដែលអាចធ្វើបានគឺព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានល្អ ដើម្បីជំរុញឱ្យជីវិតកាន់តែប្រសើរ។ ព្យាយាមអភិវឌ្ឍសមត្ថភាព ទំនាក់ទំនង និងអាជីវកម្មជាដើមអាចធ្វើឱ្យយើងលំបាក ជួបរឿងស្មុគស្មាញ តែវាក៏អាចធ្វើឱ្យយើងរកឃើញសេចក្តីសុខនៅក្នុងការតស៊ូនោះដែរ។
សហគ្រិនខាងលើបានបញ្ជាក់ថា យើងអាចមើលឃើញថាមនុស្សដែលតស៊ូជាមួយនឹងជីវិត ជាអ្នកដែលឆ្លងកាត់រឿងលំបាកជាច្រើន ដែលមើលទៅដូចជាវេទនា តែសម្រាប់ខ្លួនគេផ្ទាល់គេអាចមើលឃើញរូបភាពផ្សេង។ រឿងខ្លះដែលមនុស្សទូទៅមើលឃើញថាវាជារឿងដែលមិនអាចធ្វើបានដោយងាយ បែរជាត្រូវបានមនុស្សម្នាក់ទៀតយល់ថាជាលំហាត់ថ្មីដ៏គួរឱ្យជក់ចិត្តសម្រាប់ជីវិតក៏ថាបាន។
ហេតុនេះ មនុស្សម្នាក់ៗគួរព្យាយាមរកឱ្យឃើញនូវគោលដៅចម្បងរបស់ខ្លួនឱ្យឃើញ ហើយចាប់ផ្តើមបញ្ចេញសកម្មភាពដើម្បីឆ្លងឱ្យផុតដំណាក់កាលលំបាកនានា ហើយឆ្ពោះទៅរកកន្លែងដែលខ្លួនចង់ទៅ។ ការធ្វើបែបនេះ ថ្វីត្បិតតែលំបាកខ្លះ តែវាមិនលំបាកដល់អង្គុយរង់ចាំបញ្ហាលំបាកស្មុគស្មាញចូលមកដល់ ដោយគ្មានការអភិវឌ្ឍនោះទេ៕