ការដឹកនាំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ស្ថាប័ន និងសង្គមជាតិ។ កាលណាស្ថាប័នមួយមានអ្នកដឹកនាំល្អ នោះស្ថាប័ននឹងរីកចម្រើន អភិវឌ្ឍបានយ៉ាងប្រសើរតែប្រសិនបើស្ថាប័ននោះ មានអ្នកដឹកនាំមិនល្អវិញច្បាស់ណាស់ថាប្រាកដជាជួបរឿងរ៉ាវបរាជ័យមិនចេះចប់មិនចេះហើយ។
លោក ឡាយ ឈុន អ្នកបណ្តុះបណ្តាលធនធានមនុស្សមួយរូបបានលើកឡើងថា អ្នកដឹកនាំជាបុគ្គលយ៉ាងសំខាន់សម្រាប់ស្ថាប័ន ព្រោះគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុមការងារទាំងមូលអាចដំណើរការទៅបានយ៉ាងរលូន។ អ្នកអប់រំខាងលើបានកំណត់ចំណុចសំខាន់ៗចំនួន៤យ៉ាង សម្រាប់អ្នកដឹកនាំ គឺទី១ កំណត់ទិសដៅ ទី២តម្រង់ទិសមនុស្ស ទី៣ ពង្រឹងអំណាច លើកទឹកចិត្ត និងទី៤ គឺដោះស្រាយទំនាស់។
ការកំណត់ទិសដៅសំខាន់ខ្លាំងណាស់សម្រាប់ស្ថាប័ននីមួយៗ គ្រប់សកម្មភាពទាំងអស់ត្រូវតែអនុវត្តទៅតាមទិសដៅឬផែនការដែលបានកំណត់ទុកសម្រាប់ឆ្នាំនីមួយៗ។ ហេតុនេះអ្នកដឹកនាំ ត្រូវតែចេះកំណត់និងដឹងទិសដៅឱ្យបានច្បាស់បំផុត ដោយដឹងទាំងទិសដៅរយៈពេលវែងនិងដឹងពីផែនការសកម្មភាពល្អិតៗនៅក្នុងនោះថែមទៀតផង។
បន្ទាប់ពីស្គាល់ទិសដៅច្បាស់ហើយ អ្នកដឹកនាំត្រូវតែចេះតម្រង់ទិសឬរៀបចំផែនការសកម្មភាពឱ្យបានល្អិតល្អន់ដើម្បីធ្វើយ៉ាងណាចាត់ចែងអ្នកនៅក្រោមបង្គាប់ ឱ្យដឹងពីវិធីដើម្បីដើរឱ្យត្រូវគោលដៅរបស់ស្ថាប័ន។ បន្ថែមពីលើនេះ កាលណាបុគ្គលិកធ្វើសកម្មភាពខុសពីអ្វីដែលស្ថាប័នបានកំណត់ អ្នកដឹកនាំក៏ជាអ្នកទាញមកវិញនូវសកម្មភាពទាំងអស់នោះ ឱ្យស្របទៅនឹងអ្វីដែលបានកំណត់ទុកដើម្បីធានាថាដល់រយៈពេលក្រុមការងារនឹងដល់ទិសដៅដូចគ្នា។
ចំណុចសំខាន់ទី៣ គឺពង្រឹងអំណាច និងលើកទឹកចិត្ត។ អ្នកដឹកនាំ ត្រូវតែចេះបត់បែនឱ្យបានល្អបំផុតពួកគេត្រូវតែចេះទាំងការអនុវត្តវិន័យឱ្យតឹងតែង និងត្រូវតែចេះរៀបចំផែនការសកម្មភាពលើកទឹកចិត្តដើម្បីជំរុញសកម្មភាពឱ្យកាន់តែបានលឿន។ កាលណាផែនការសកម្មភាពធូរលុងពេក ក្រុមការងារទាំងមូលនឹងមិនអាចជោគជ័យបាននោះទេតែប្រសិនបើតឹងតែងហើយគ្មានការលើកទឹកចិត្តសោះ ក្រុមការងារក៏គ្មានកម្លាំងចិត្តដើម្បីអភិវឌ្ឍដែរ។ ហេតុនេះត្រូវតែចេះតុល្យភាព និងបង្កើតកត្តាជំរុញដោយវិជ្ជមាន។
ចំណុចសំខាន់ចុងក្រោយរបស់អ្នកដឹកនាំគឺដោះស្រាយទំនាស់។ ច្បាស់ណាស់ក្រុមការងារមួយចាំបាច់ត្រូវតែមានការយល់ខុសគ្នារវាងសមាជិកម្នាក់ៗ។ហេតុនេះ ទំនាស់ប្រាកដជាកើតឡើង។ អ្នកដឹកនាំខ្លាំងគឺជាអ្នកដែលមានសមត្ថភាពខ្លាំង ក្នុងការដោះស្រាយទំនាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគ្រប់គ្នាមើលឃើញពីរូបភាពរួមមួយ និងអនុវត្តប្រកបដោយសាមគ្គីភាព៕