ពាក្យថាជាសហគ្រិន ម្នាក់ៗហាក់ដូចជាចង់បាន និងមានមោទនភាពចំពោះខ្លួនឯង នៅពេលដែលមាននរណាម្នាក់ហៅថា នាយកប្រតិបត្តិឬជាអគ្គនាយកក្រុមហ៊ុនជាដើម។ វាពិតជាអស្ចារ្យណាស់ បើអ្នកអាចសម្រេចបានជោគជ័យ នោះនឹងមានកេរ្ដិ៍ឈ្មោះល្អ ចាប់ផ្ដើមមានគេស្គាល់ជាដើម។ តែមានតួលេខដែលភាគច្រើនគឺបរាជ័យ ក្នុងការផ្ដើមធុរកិច្ចថ្មីរបស់ខ្លួន ហើយបានបាត់ឈ្មោះនិងលេងចង់ធ្វើសហគ្រិនទៀតក៏មាន។
នេះមិនបានបង្អាក់ សកម្មភាពនិងចិត្តគំនិតដែលអ្នកចង់ក្លាយជាសហគ្រិនជោគជ័យម្នាក់នោះទេ តែវាពិតជាមិនងាយស្រួលពេកនោះទេ បើគ្រាន់តែចង់បានឈ្មោះក្នុងនាមប័ណ្ណថា ថាអគ្គនាយកនោះ។ សាកល្បងឆ្លើយសំណួរងាយៗខាងក្រោម បើអ្នកចង់សាក៖
១. តើគោលគំនិតរបស់អ្នកជាអ្វី?
នេះនិយាយពី ចក្ខុវិស័យ បេសកកម្ម ដែលអ្នកចង់បង្កើតអ្វីមួយថ្មីតាមក្ដីប្រាថ្នារបស់អ្នក តាមការស្រមៃ ឲ្យក្លាយជាការពិតដើម្បីឲ្យមានឥទ្ធិពលជាវិជ្ជមានដល់សង្គម ជាដើម។ ចក្ខុវិស័យនេះ ពិតជាបានបំពេញឲ្យកង្វះខាតដែលមានក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការនៅថ្ងៃអនាគតឬទេ?
ឬអ្នកបើកធុរកិច្ចថ្មី ដោយសារតែគំនិតថា ចង់បានចំណូលខ្ពស់? បើបែបនេះ សូមកុំគិតវែងឆ្ងាយជាងនេះ គួរតែបោះបង់វាចោលឲ្យហើយទៅ ហើយសិក្សាឡើងវិញ ព្រោះដំណើរនេះ មានរឿងដែលមិនពេញចិត្ត និងខកចិត្តជាច្រើន។ អ្នកត្រូវតែមានគំនិតមួយ ដែលធ្វើឲ្យអ្នកក្រោកឡើងនៅពេលព្រឹក ដោយភាពញញឹម និងធ្វើការមិនចេះធុញរៀងរាល់ថ្ងៃ ដល់២ទៅ៥ឆ្នាំក្រោយ នោះចំណូលដែលអ្នកចង់បាននឹងដើរតាមក្រោយ។
២. អ្នកនឹងប្រើពេលវេលាយ៉ាងដូចម្ដេចដើម្បីផ្ដើមធុរកិច្ចថ្មី?
ការបើកដំណើរការអាជីវកម្មដំបូង ពុំមែននឹកឃើញក៏បើកចេញភ្លាមនោះទេ។អ្នកជាមនុស្សដំបូង ដែលត្រូវគូសវាសផ្លូវដើរ មិនតិចជាង៥ជំហានមុននឹងការងារចេញជារូបរាង។ ពេលវេលា ស្ទើរតែគ្មានម៉ោងសម្រាក ឬថ្ងៃសៅរ៍អាទិត្យ ការងារក៏កាន់តែច្រើនជាងមុនបើអ្នកមានគ្រួសារទៀតនោះ ពុំមានទេពាក្យថា សមភាពម៉ោងការងារនិងគ្រួសារ វារឹតតែត្រូវការការយល់ចិត្តពីដៃគូរបស់អ្នក។
ទំនួលខុសត្រូវលើម៉ោងធ្វើការផ្ទាល់ខ្លួនអ្នក លើសពីម៉ោងធ្វើការរបស់បុគ្គលិកឆ្ងាយណាស់ការងារត្រូវធ្វើស្ទើរតែគ្រប់មុខ ទម្រាំមានទំនុកចិត្ត ក្រុមការងារដែលរឹងមាំបាន អាចបន្ថយការងារបន្តិចម្ដងៗបាន។
៣. តើអ្នកនឹងចាត់ចែងចំណាយ បានដល់ពេលណា?
ហិរញ្ញវត្ថុ ជារឿងដ៏ចាំបាច់មួយដែលពុំអាចខ្វះបាន។ដរាបណាអ្នកឈានជើងចូលវិថីសហគ្រិន អ្នកត្រូវបាត់ចំណូលដែលអ្នកធ្លាប់ធ្វើជាបុគ្គលិកនិងត្រៀមខាតលើ ប្រាក់ឈ្នួលបុគ្គលិក ទីតាំង ដំណើរការផ្សេងៗនិងត្រូវមានផែនការខាតសម្រាប់ចំនាយប្រចាំខែយ៉ាងតិចគុណនឹង២ នៃផែនការលក់របស់អ្នក។
តើអ្នកអាច មានទុនទប់ជាប់បានប៉ុន្មានខែ? ឬត្រូវរកទុកពីណាមកបន្ថែម?ក្នុងចំនុចនេះ បើខ្វះ ការគាំទ្រពីមនុស្សជុំវិញ សមាជិកគ្រួសារនោះអ្នកនឹងត្រូវគិតពីការគៀងគរហិរញ្ញវត្ថុពីវិនិយោគិនជាចាំបាច់។
៤.តើនរណាខ្លះ នឹងមកចូលរួមការងារជាមួយអ្នក?
ក្ដីស្រមៃធំប៉ុណ្ណា បើគ្មានអ្នកធ្វើការឬក្រុមការងារល្អដែលចាំជួយបំពេញបេសកកម្មនេះ ក្ដីស្រមៃគឺបានតែស្រមៃប៉ុណ្ណោះ។អ្នកត្រូវដឹងថា មាននរណាខ្លះ ដែលអាចនឹងរួមចំណែកបំពេញការងារជាមួយអ្នក សហស្ថាបនិកឬបុគ្គលិកដែលមានសមត្ថភាព ពេញចិត្តដើរជាមួយអ្នកឆ្ពោះទៅរកក្ដីស្រមៃមួយនោះឬទេ។
មានច្រើនណាស់ដែលជួបបុគ្គលិកប៉ះចំតែអ្នកមកធ្វើការងារឲ្យតម្លៃលើប្រាក់ខែជាធំ គ្មានឆន្ទៈពិតប្រាកដគ្មានទំនួលខុសត្រូវជាដើម នោះអ្នកដើរមិនបានឆ្ងាយឡើយ។បើសិនអ្នកអាចរកមនុស្សដែលមានចិត្តដូចអ្នក លុះក្នុងការងារនេះជាពេជ្រដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនទៅថ្ងៃអនាគត។
៥. ប្រឈមមុខនឹងពាក្យថា ទេ
សហគ្រិន ត្រូវធ្វើការសម្រេចចិត្តជាច្រើននិងជួបការចរចារផ្សេងៗ។ អ្នកនឹងលឺពាក្យថា ទេ ពីដៃគូវិនិយោគ ពីអតិថិជនដែលនាំឲ្យមានការខកចិត្តតើការបដិសេធនេះ វាអាចឲ្យអ្នកឈប់ឬទេ?បើអ្នកពុំមានភាពរឹងមាំលើគំនិតដែលអ្នកមានក្ដីស្រមៃនោះវានឹងធ្វើឲ្យអ្នកបោះបង់ជាមិនខាន។ ហើយអ្នកក៏ត្រូវនិយាយថា ទេ ជាញឹកញាប់ជាមួយបុគ្គលិក លើការងារលើដំណើការប្រចាំថ្ងៃ ការចំណាយនានាដែលមិនចាំបាច់។
បើអ្នកដោះស្រាយនូវសំណួរទាំងនេះបានដោយពុំមានបញ្ហាស្ទាក់ស្ទើរទេ ហើយនៅតែចង់ក្លាយជាសហគ្រិន មានការពុះកញ្ច្រោលលើគំនិតល្អរបស់អ្នកសូមចាប់ផ្ដើមគិត និងរៀបផែនការឲ្យបានច្បាស់លាស់យើងក៏នឹងមានការណែនាំបន្ថែមនៅអត្ថបទក្រោយៗទៀត៕