ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះកិច្ចអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាសម័យចុងក្រោយនៅកម្ពុជា ជាមួយក្រុមហ៊ុនលំដាប់ពិភពលោក ម៉ៃក្រូសូហ្វ(Microsoft) ប្រចាំតំបន់អាស៊ី ដែលមានលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគដ៏មានសារសំខាន់មួយនេះ តាមរយៈវីដេអូអនឡាញកាលពីពេលថ្មីៗនេះថា អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation)។
តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកទឹកចិត្តឱ្យសិស្ស-និស្សិតពិចារណាជ្រើសរើសកម្មវិធីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា។