សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ អចលនវត្ថុដែលកំពុងតែមានសកម្មភាព និងដំណើរការទូទាំងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ដោយក្នុងនោះ ផ្នែកនីមួយៗមានតម្រូវការជាកស្ដែងមិនដូចគ្នានោះទេ។ 

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា អចលនវត្ថុដែលកំពុងមានសកម្មភាព នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយសម្រាប់តម្រូវការ និងតម្លៃដែលត្រូវបានដាក់លក់ ជួល នៅលើទីផ្សារក៏មានកម្រិតខុសគ្នាផងដែរ។ 

លោក វ៉ា វីរៈ បានពន្យល់ថា អចលនវត្ថុទាំង៦ប្រភេទដែលត្រូវបានបែងចែកដូចការលើកឡើងខាងលើនេះរួមមានដូចជា ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋានសម្រាប់ស្នាក់នៅ ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម និងទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗដូចជាការិយាល័យជួល និងទេសចរណ៍។ 

ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋានសម្រាប់ស្នាក់នៅ ៖ អចលនវត្ថុប្រភេទនេះ គឺមានតម្រូវការច្រើនជាងគេនាពេលបច្ចុប្បន្ន ហើយនឹងនៅបន្តទៅថ្ងៃខាងមុខទៀត ខណៈដែលតម្រូវការទីផ្សារនៅមានក្នុងកម្រិតខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ អចលនវត្ថុប្រភេទនេះ រួមមានផ្ទះល្វែង ផ្ទះវីឡា ដែលស្ថិតនៅជាន់ផ្ទាល់ដី ក៏ដូចជាផ្ទះសហកម្មសិទ្ធិ ឬជាប្រភេទខុនដូ។ 

ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម ៖ សម្រាប់អចលនវត្ថុប្រភេទនេះគឺមានតម្លៃថ្លៃ និងច្រើនស្ថិតនៅជាប់ផ្លូវធំ ជួរមុខ ដែលក្រៅពីសម្រាប់ស្នាក់នៅក៏មានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ មិនជាការបើហាងអាហារដ្ឋាន ហាងកាហ្វេ ឬជាអាជីវកម្មប្រចាំគ្រួសារជាច្រើនប្រភេទទៀត។ 

ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ ៖ អចលនវត្ថុប្រភេទនេះ គឺបម្រើដល់ការជួល ឬទីតាំងលក់រាយនៅក្នុង Supper Market, Mall , Shopping Mall  ឬ Mart ជាដើម។ 

ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម ៖ សម្រាប់បម្រើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម។ 

ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម ៖ សម្រាប់បម្រើដល់ការដាំដុះ ការបង្កបង្កើនផល អាចប្រភេទកសិដ្ឋានលក្ខណៈគ្រួសារ ឬសហគមន៍ ក៏ដូចជាកសិដ្ឋានកម្រិតខ្ពស់សម្រាប់ធ្វើការនាំចេញ។ 

ទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗ ៖ អចលនវត្ថុប្រភេទនេះ រួមមានដូចជាការិយាល័យជួល សណ្ឋាគារដែលបម្រើផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ក៏ដូចជាតំបន់អភិវឌ្ឍជាមជ្ឈមណ្ឌលកម្សាន្តជាដើម។ 

គ្រប់ប្រភេទអចលនវត្ថុទាំងអស់ដូចបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នគឺសុទ្ធតែមានសកម្មភាព និងតម្រូវការទីផ្សារទាំងអស់ ហើយមានកម្រិតតម្លៃផ្សេងៗពីគ្នា អាស្រ័យទៅតាមទីតាំង និងភាពមានតម្រូវការចាំបាច់ជាក់ស្ដែង៕