រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៣ឧសភានេះ បានប្រកាសពីករណីឆ្លងកូវីដ១៩ ចំនួន ៨៤១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៦១នាក់ ដោយឡែកក៏មានករណីមរណៈភាព ៤នាក់ទៀតដោយសារកូវីដ១៩ផងដែរ។ 

តួលេខនេះ បានធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលឡើងដល់ ៩៨១៨នាក់ និងអ្នកស្លាប់សរុបចំនួន ១០៦នាក់។ ក្នុងការឆ្លងថ្មីនេះ រាជធានីភ្នំពេញនៅតែជាកន្លែងដែលមានការរីករាលដាលនៃជំងឺនេះខ្លាំង បើទោះបីជាវិធានការបិទខ្ទប់ត្រូវបានដាក់ចេញកាលពីថ្ងៃ១៥មេសាមកម្ល៉េះ ដោយមានអ្នកឆ្លងថ្មី ៥២៥នាក់ រីឯខេត្តបន្ទាយមានជ័យក៏មានសន្ទុះនៃការឆ្លងខ្ពស់រហូតដល់ ១៥៣នាក់បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត។

រាជរដ្ឋាភិបាល បានដាក់ចេញជាវិធានការជាបន្តបន្ទាប់ និងបានជ្រើសរើសយកវិធានការ បិទខ្ទប់នៅតាមតំបន់ដែលមានការរីករាលដាលខ្លាំង ជាពិសេសតំបន់ក្រហម ត្រូវបានដាក់នូវវិធានការតឹងរឹងក្នុងការធ្វើដំណើរ និងមានយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី១ឧសភាមក។

ចំពោះតំបន់លឿងនិងលឿងទុំ មានការបន្ថូរបន្ថយនៃការធ្វើដំណើរខ្លះដល់ប្រជាពលរដ្ឋ និងអាជីវកម្មចាំបាច់ប្រចាំថ្ងៃ លើការផ្គត់ផ្គង់ស្បៀងអាហារ បន្លែត្រីសាច់ជាដើម។ 

សូមជម្រាបជូនដែរថា ការបិទខ្ទប់ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏នឹងត្រូវចប់ត្រឹមថ្ងៃទី ៥ឩសភាផងដែរ និងរាជរដ្ឋាភិបាលក៏នៅមិនទាន់មានការបង្ហាញពីការបន្តបិទខ្ទប់នេះទៀតនោះទេ៕