Image

J. K. Rowling គឺជានាមប៉ាកកា(នាមអ្នកនិពន្ធ) ប្រលោមលោកស្រមើស្រមៃដ៏ល្បីគឺ HarryPotter ដែលទទួលបានការគាំទ្រសឹងជុំវិញពិភពលោក។ លោកស្រីមានឈ្មោះពិតថាJoanne Rowling ជាអ្នកម្តាយមួយរូបដែលតស៊ូចិញ្ចឹមកូនតាំងពីជីវភាពខ្វះខាតក្រោយពេលលែងលះ ដោយការសរសេរប្រលោមលោកនេះឡើង។ មុនទទួលជោគជ័យរោងពុម្ពជិត១២កន្លែងបានបដិសេធប្រលោមលោក ប៉ុន្តែអ្វីដែលមិននឹកស្មាន គឺប្រលោមលោកនេះក្រោយការបានទទួលបោះពុម្ពផ្សាយគឺលក់ដាច់រហូតជាង៥០០លានក្បាល។ នៅក្នុងចំណែកជោគជ័យនេះ លោកស្រីអ្នកនិពន្ធ J.K.Rowling ក៏បានបង្ហាញជាមេរៀនក្នុងការអត់ធ្មត់ និងជម្នះឧបសគ្គនានាផងដែរ៖

. ព្យាយាមឱ្យល្អគ្រប់ស្ថានការណ៍

គ្រប់ពេលវេលាដែលអ្នកព្យាយាមអស់ពីសមត្ថភាពទោះបរាជ័យ អ្នកនៅតែមានតម្លៃមួយថា អ្នកបានប្រឹងប្រែងធ្វើវា។ ជាការពិត មុនសៀវភៅ Harry Potter ទទួលជោគជ័យ គឺធ្លាប់មានកន្លែងរោងពុម្ពជិត១២កន្លែងបដិសេធប៉ុន្តែខ្ញុំនៅតែមិនអស់សង្ឃឹម ខ្ញុំបានប្រឹងសរសេរប្រលោមលោកនេះដោយការព្យាយាមទោះពេលនោះខ្ញុំស្ថិតក្នុងស្ថានភាពលំបាក ដោយត្រូវលែងលះហើយចិញ្ចឹមកូនតែម្នាក់ឯងទៀតនោះ។ ចំណុចនេះផងដែរ J.K. Rowling ក៏បានបង្រៀនឲ្យមនុស្សចេះអត់ទ្រាំនឹងកាលៈទេសៈលំបាកហើយដរាបណាអ្នកបានខំប្រឹងប្រែងពិតប្រាកដ លទ្ធផលល្អនឹងផ្តល់មកវិញនៅថ្ងៃណាមួយ។

. ទំនួលខុសត្រូវលើជីវិតខ្លួនឯង

ពិតមែន មនុស្សជាច្រើនអាចបន្ទោសអ្នកនេះអ្នកនោះ ឬឪពុកម្តាយពួកគេ ថាមិនបានផ្តល់អ្វីៗគ្រប់យ៉ាងដល់គេឱ្យគ្រប់គ្រាន់ ប៉ុន្តែក្នុងជីវិតមិនដូចគ្នាឡើយគឺតម្រូវឱ្យអ្នកចេះតស៊ូ និងមានទំនួលខុសត្រូវ។ ជាការពិតលទ្ធផលដែលកើតមក គឺជាទំនួលខុសត្រូវផ្ទាល់របស់អ្នកចំណែកឯការជួយពីឪពុកម្តាយ ឬបងប្អូន ឬអ្នកដទៃផ្សេងទៀតដែលមានអាចជាសំណាងក្នុងការចូលរួមចំណែកជួយអ្នកប៉ុន្តែចង្កូតជីវិត និងជាទំនួលខុសត្រូវ ឬស្ថិតនៅលើអ្នកទាំងស្រុង។

. អ្នកមានតម្លៃលើសពីអ្វីដែលអ្នកធ្វើ និងមិនបានធ្វើ

មិនជាបញ្ហាទោះអ្នកមានសញ្ញាបត្រច្រើនប៉ុណ្ណាឬមួយការសិក្សារបស់អ្នកមិនទាន់បញ្ចប់ កម្រិតថ្នាក់ ឬសញ្ញាបត្រពុំមែនកំណត់រូបអ្នក ឬជីវិតអ្នកទាំងស្រុងនោះទេ។ វាពិតជាការប្រសើរប្រសិនបើអ្នកទទួលបានការអប់រំល្អ ប៉ុន្តែក៏មិនគួរឱ្យវាកំណត់រូបអ្នកឬមនុស្សជុំវិញខ្លួនអ្នកនោះទេ។ ភាគជោគជ័យគឺមិនចាំបាច់តែវាស់វែងបានដោយសារតែកម្រិតសញ្ញាបត្រនោះឡើយព្រោះអ្នកអាចធ្វើអ្វីបានលើសពីនោះ។

. ប្រើថាមពលទៅលើរឿងសំខាន់របស់អ្នក

បរាជ័យខ្លះហាក់ណែនាំខ្ញុំឱ្យជម្រះចេញនូវកំហុសមួយចំនួនហើយបង្រៀនខ្ញុំឱ្យរឹងមាំ និងតស៊ូ ជាមួយគ្នានោះ ខ្ញុំមិនសូវចំណាយពេលលើរឿងដែលមិនចាំបាច់ទៀតទេខ្ញុំចូលចិត្តធ្វើអ្វីជាខ្លួនឯង។ អ្វីដែលជួយជម្រុញខ្ញុំកាន់តែប្រសើរឡើងនោះគឺការប្រមូលថាមពលទាំងអស់របស់ខ្ញុំ មកផ្តោតធ្វើលើរឿងដែលមានសារសំខាន់របស់ខ្ញុំ ជាកិច្ចការងារដែលគោលដៅនិងជាក្តីស្រមៃរបស់ខ្ញុំផ្ទាល់ ហើយចុងក្រោយខ្ញុំពិតជាអាចធ្វើវាបាន ហើយមិនចង់ជឿ ឥលូវនេះសៀវភៅ Harry Potter លក់ដាច់រហូតដល់៥០០លានក្បាល គេផលិតជាភាពយន្ត ក៏ជាសួនកម្សាន្តសម្រាប់ក្មេងៗផងដែរ៕