រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសជាបន្តបន្ទាប់ពីការព្យាបាលជាសះស្បើយករណីកូវីដដែលមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន៨នាក់(អ្នកនាំចូលនិងអ្នកឆ្លងសហគមន៍) ដែលក្នុងនោះអ្នកដែលវិជ្ជមានក្នុងករណីឆ្លងសហគមន៍មាន ៤នាក់កំពុងសម្រាកព្យាបាល។

បន្ទាប់ពីមានការប្រកាសករណីវិជ្ជមានចុងក្រោយពីការឆ្លងកូវីដ១៩ក្នុងសហគមន៍ លើកុមារដែលមានអាយុ១ខួប កាលពីថ្ងៃទី១៥ធ្នូ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកឆ្លងសហគមន៍ឡើងមកដល់៤១នាក់លុះមកដល់ថ្ងៃនេះគឺពុំមានករណីវិជ្ជមានថ្មីទៀតនោះទេ ដែលនេះគឺ១១ថ្ងៃជាប់ៗគ្នា ដោយឡែកករណីឆ្លងសហគមន៍នេះមានអ្នកជាសះស្បើយសរុប៣៧នាក់(គិតត្រឹមព្រឹកថ្ងៃទី២៦ធ្នូ)។

ការមិនមានករណីឆ្លងសហគមន៍ថ្មី ក្នុងរយៈពេលជាប់គ្នានេះជាសញ្ញាប្រសិទ្ធិភាពខ្ពស់នៃការអនុវត្តន៍វិធានការជាច្រើនរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខនិងការចូលរួមចំណែកទាំងគ្នាពីប្រជាពលរដ្ឋ។

ទោះជាមាន ការរីករាលដាលនៃជម្ងឺកូវីដ១៩នៅខេត្តមួយចំនួនក្នុងប្រទេសថៃបានបង្កើតនូវការព្រួយបារម្ភបន្ថែមទៀត សម្រាប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជាក៏ដោយក៏មកទល់ថ្ងៃនេះមិនទាន់មានករណីវិជ្ជមានថ្មីលើប្រជាជនកម្ពុជា ដែលនៅជាយដែននោះទេ៕