នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដោយបានការអនុញ្ញាត និងជាតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី២ ក្រោមប្រធានបទ “ភាពធន់នឹងអាកាសធាតុតាមរយៈការគ្រប់គ្រងធនធានទឹកបែបឌីជីថលនៅក្នុងតំបន់ទន្លេមេគង្គ” នៅទីក្រុង Incheon ប្រទេសកូរ៉េ។

គោលបំណងនៃវេទិកា គឺពង្រឹងកិច្ចសហការរវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន តាមរយៈកំណត់ភាពស៊ីសង្វាក់គ្នារវាងតម្រូវការរបស់រដ្ឋាភិបាលប្រទេសមេគង្គ ជំនាញបច្ចេកវិទ្យានៃវិស័យឯកជន និងបទពិសោធន៍ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍគម្រោងជាក់ស្តែង និងការអនុវត្តដែលលើកកម្ពស់ដល់ការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់មេគង្គប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងវេទិកានោះ លោកបណ្ឌិត បានសង្កត់ធ្ងន់លើតម្រូវការរក្សារំហូរទឹកឱ្យមានសុខភាពល្អ និងការពារទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា និងអាងទន្លេមេគង្គក្រោម ដោយបញ្ជាក់ជំហរចង់ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនភាពជាដៃគូអន្តរជាតិ និងកិច្ចគាំទ្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងអាងទន្លេមេគង្គ រួមមាន រំហូរទឹកទន្លេមេគង្គទាប ការធ្លាក់ចុះផលស្តុកត្រី និង រំហូរចូលបឹងទន្លេសាបទាប។

លោកបណ្ឌិត ក៏បានជួបពិភាក្សាការងារ និងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីដាច់ដោយឡែកចំនួនបួន រួមមាន៖ ជាមួយនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC និងដៃគូអភិវឌ្ឍន៍ជាតំណាងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និង K-water របស់កូរ៉េ ។

នៅក្នុងជំនួបនោះ លោកបណ្ឌិត បានលើកឡើងពីអាទិភាពនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីនៃកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយមលើវិស័យអាទិភាពមួយចំនួន រួមមានប្រព័ន្ធធារាសាស្ត្រ ប្រកបដោយចីរភាព ប្រព័ន្ធគាំទ្រការធ្វើសម្រេចចិត្តទំនើប មជ្ឈមណ្ឌលអាកាសធាតុជាតិ និងប្រព័ន្ធព្យាករណ៍ទឹកជំនន់និងភាពរាំងស្ងួត។ ប្រទេសតំណាងដៃគូអភិវឌ្ឍន៍បានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យច្បាស់លាស់ និងតម្រូវការជាអាទិភាព និងបានបង្ហាញសុច្ឆន្ទៈត្រៀមគាំទ្រដល់របៀបវារៈសំខាន់ៗនៃកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថ្មី៕