រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី និងជំទាវ បានអញ្ជើញប្រគល់កញ្ចប់ជំនួយ ដល់សាលារាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាការពារ និងកងកម្លាំងប្រដាប់ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

ក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។

ឯកឧត្តម បានបន្តលើកឡើងថា កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនCoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

សូមជម្រាបជូនដែរថា អំណោយដែលបានរៀបចំជាកញ្ចប់រួចជាស្រេចនេះ រួមមានក្នុងកញ្ចប់ មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកដោះគោខាប់ ៤កំប៉ុង, ឈុតថ្នាំដុសធ្មេញ និងសាប៊ូ និងថវិកាមួយចំនួនផងដែរ សរុប៣,០៧៥កញ្ចប់៕