រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយ ឯកឧត្ដម Patrick Murphy និងបានស្នើដល់ភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបាន ប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារៈបរិក្ខារសម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការចុះអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួនក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕