​បើនិយាយពីសេដ្ឋកិច្ច គេនឹងនឹកឃើញដល់កត្តាផលិត និង​ផលិតផលសម្រេច ដែលដាក់ចរាចរណ៍លើទីផ្សារដើម្បីប្រមូលធនធានជាហិរញ្ញវត្ថុមកវិញ។ ហេតុនេះ ប្រសិនបើ​ផលិតភាពការងារ អាចអនុវត្តបានល្អនោះមានន័យថា​ចរន្តនៃការជំរុញឱ្យទទួលបានផល ក៏មានលក្ខណៈល្អប្រសើរដូចគ្នាដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ​ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កំណើនផលិតភាពនឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនៅក្នុងល្បឿន និងជីវភាពកាន់តែខ្ពស់ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជនតាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗពីប្រទេសអភិវឌ្ឍ ព្រមទាំងរៀនពីគ្នាទៅវិញទៅមកនិងការបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាព ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូលជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់និយោជកពីការចាត់ទុក“កម្មករនិយោជិត” គ្រាន់តែជាធនធានដូចជា ធនធានផលិតកម្មដទៃទៀត ទៅជាការចាត់ទុកថាជា “មូលធន”ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញឱ្យមានសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

ឯកឧត្តម បានបញ្ជាក់ថា កំណើនផលិតភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបានផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។ កំណើនផលិតភាពក៏ជាមធ្យោបាយសម្រាប់សេដ្ឋកិច្ចជាតិមួយក្នុងការដំឡើងប្រាក់ឈ្នួលឱ្យប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយចីរភាព។

ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ «ផលិតភាពគឺជាទំនាក់ទំនងរវាងបរិមាណនៃមុខចេញ(output) និងបរិមាណនៃមុខចូល (input) ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមុខចេញនោះ។ ក្នុងន័យនេះ ផលិតភាពមិនគ្រាន់តែជាការផលិតមកចេញប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងប្រកបដោយស័ក្តិសិទ្ធិភាពផងដែរ»។

បើផ្តោតលើនិយមន័យខាងលើ ឯកឧត្តមថា កំណើនផលិតភាពអាចត្រូវសម្រេចបានតាមរយៈការប្រើប្រាស់កាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវធនធានដូចជា ពលកម្ម មូលធន និងវត្ថុធាតុដើមក្នុងផលិតកម្មនៃផលិតផល និងសេវា។ ក្នុងន័យនេះ កំណើនផលិតភាពការងារ គឺជាការកើនឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃពលកម្មនៅក្នុងការផលិត និងការលក់ដែលកំណត់ដោយឥរិយាបថ និងជំនាញរបស់កម្មករនិយោជិត ព្រមទាំងកត្តាដទៃទៀតដែលជះឥទ្ធិពលលើច្រកចេញនិងចូល ដូចជាកត្តាបច្ចេកវិទ្យា នវានុវត្តន៍ ប្រព័ន្ធនិងដំណើរការការវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ កត្តាតម្រូវការ និងកត្តាជាច្រើនផ្សេងទៀត៕