ខេត្តសៀមរាប៖ ឯកឧត្តម ជា សុផារ៉ា បានហៅសំណង់នៅក្នុងតំបន់អង្គរ ដែលមាន ៨៤៤៨ករណី ជាសំណង់ខុសច្បាប់ដ៏គួរឲ្យខ្មាស់អៀន និងមិនគួរឲ្យកើតមានទាល់តែសោះ។
ឯកឧត្តម បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២តទៅ។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់បន្ថែមថា យន្តការស្រាវជ្រាវនឹងបន្តធ្វើគ្មានថ្ងៃបញ្ចប់ រហូតរមណីយដ្ឋានអង្គរ រួចផុតពីការគំរាមកំហែង។ ឯកឧត្តម មិនអនុញ្ញាតឱ្យមានការបន្លំ ឬយកដួងព្រលឹងជាតិ និងបុព្វបុរសខ្មែរមកបម្រើប្រយោជន៍របស់បុគ្គល ឬក្រុមគ្រួសារមួយចំនួនតួចឡើយ។
ប្រសាសន៍ឯកឧត្តម៖ នៅទីនេះ ជាដឹកដីស័ក្តិសិទ្ធិ មិនអាចបន្លំ មិនអាចយកផលប្រយោជន៍បុគ្គលឯកជន គ្រួសារ មកដាក់ មកគ្របទៅលើដួងព្រលឹងរបស់ជាតិ និងបុព្វបុរស ដែលមិនសាងសង់អង្គរវត្តទុកឱ្យយើងតជំនាន់។ មិនអាច! អ្នកដែលរំលោភ អ្នកនឹងទទួលតែការឈឺចាប់ និងវិនាស់តពូជពង្ស វង្សត្រកូល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធមួយចំនួនមាន ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងផែនការ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផង ដើម្បីអនុវត្តដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានេះ ឱ្យមានប្រសិទ្ធិភាព និងស្ថេរភាព៕