រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal មានកិច្ចជំនួបសន្ទនា និងអាហារការងារពេលព្រឹក រវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន ១៦៥.៦១២តោន, ចេកបានចំនួន ២៧២.០២៣តោន និងស្វាយបានចំនួន ២១១តោន នាពេល ៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យភាគីចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការអនុវត្តគម្រោងនានាដែលបានរៀបចំដោយគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ដែលក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។ ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C, បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូម៉ែត្រ, យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។