វ័យ ៣២ ឆ្នាំ អ្នកស្រីកែវ សុចិន្តា ទើបតែសម្រេចចិត្ត បើកក្រុមហ៊ុនមួយផ្ទាល់ខ្លួន ព្រោះយល់ថាវាដល់ពេល រួមទាំងមានលទ្ធភាព និងចំនេះដឹងច្បាស់លាស់ ខាងផ្នែកពន្ធដារនេះដែលជាសេវាកម្មចាំបាច់របស់ទីផ្សារការងារបន្ចុប្បន្ន។
អ្នកស្រីកែវ សុចិន្តា បន្តថា៖ «ការបង់ពន្ធដារ ជារឿងចាំបាច់របស់ក្រុមហ៊ុនស្របច្បាប់ដែលតម្រូវដោយក្រសួងសេដ្ឋកិច្ច ដើម្បីបើកដំណើរការ និងប្រតិបត្តិការ លើអាជីវកម្មសេវាកម្ម និងមុខរបរគ្រប់ប្រភេទ ដូច្នេះតម្រូវការបង់ពន្ធ វាជាការសំខាន់ហើយក្រុមហ៊ុនជាច្រើន ចំាបាច់ត្រូវការអ្នកជំនាញដើម្បីបណ្តុះបណ្តាល ដល់បុគ្គលិករបស់ខ្លួនថែមទាំងជំនួយដល់ដំណើរការ បង់ពន្ធរបស់ខ្លួនឱ្យមានប្រសិទ្ធភាព»។
ដោយសារមានលក្ខណៈចាំបាច់ក្នុងការបង់ពន្ធជួនរដ្ឋឱ្យបានត្រឹមត្រូវ និងឱ្យមានប្រសិទ្ធភាពដូចដែលអ្នកស្រីកែវ សុចិន្តាលើកឡើង Emerald Agency Limited ត្រូវបានបង្កើតឡើយដើម្បីដោះស្រាយបញ្ហាបង់ពន្ធដាររបស់ក្រុមហ៊ុនទាំងឡាយ មិនថាក្រុមហ៊ុនជាតិក្តីឬក្រុមហ៊ុនវិនិយោគអន្តរជាតិក្តី។
អ្នកស្រី សុចិន្តាបានលើកឡើងថា ការបើកមុខជំនួញ គឺជាការបង្កើតឱកាសដល់ខ្លួនឯង នឹងការចែករំលែកដល់អ្នកដទៃការដែលបើកក្រុមហ៊ុននេះឡើង គឺដើម្បីដោះស្រាយបញ្ហារបស់សង្គម និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិថែមទៀតផង។
អ្នកស្រី ប្រធានក្រុមហ៊ុនដ៏ស្រស់ស្អាតរូបនេះបន្តថា៖ «ដោយមើលឃើញឱកាសល្អ ហើយនាងខ្ញុំក៏មានសមត្ថភាពគ្រប់គ្រាន់ផងនិយាយទៅ គឺមានដើមទុនខ្លួនឯង ដើម្បីបង្កើតមុខរបបនេះ នាងខ្ញុំមិនបានគិតគូរច្រើនទេហើយក៏សម្រេចចិត្តលាងលែង តំណែងនៅក្រុមហ៊ុនលំដាប់អន្តរជាតិនោះ...»។
ជាក់ស្តែងលំដាប់តំណែងការងាររបស់អ្នកស្រីសុចិន្តា អាចទទួលបានប្រាក់បៀវត្តន៍ មិនចាញ់បរទេសនោះឡើយ តែដើម្បីផ្លាស់ប្តូរដំណើរជីវិតលើមុខជំនួញវិញ អ្នកស្រីហាក់មិនរារែក នឹកស្តាយប្រាក់បៀវត្តន៍រាប់ពាន់ដុល្លារមកបើកជំនួញ ក្នុងដើមទុនជាង ១ម៉ឺនដុល្លារ។
អ្នកស្រី កែវ សុចិន្តាបញ្ជាក់ថា៖ «ក្នុងការបើកក្រុមហ៊ុននេះ មិនជាត្រូវការដើមទុនច្រើននោះទេព្រោះយើងជាក្រុមហ៊ុនផ្តល់សេវា ខាងផ្នែកបង់ពន្ធដារ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងក្រុមហ៊ុនរបស់គេខាងផ្នែកពន្ធដារ ដែលនិយាយជារួម គ្រាន់តែចំណាយលើការរៀបចំការិយាល័យរៀបចំឯកសារស្របច្បាប់ ក្នុងការបង្កើតក្រុមហ៊ុន ជួលបុគ្គលិក និងជួលអគារសម្រាប់ការបណ្តុះបណ្តាលនិងសម្រាប់ការិយាល័យប៉ុណ្ណោះ»។
ជាទូទៅក្រុមហ៊ុននីមួយៗតែងប្រឈមនឹងការបើកជំនួញលើកដំបូង ទាំងបទពិសោធន៍ និងបណ្តាញទំនាក់ទំនងដើម្បីទាញរកអតិថិជន ហើយក្រុមហ៊ុនមួយចំនួន ត្រូវធ្វើការផ្សព្វផ្សាយ ដែលត្រូវចំណាយដើមទុនជាច្រើននិងពេលវេលាជាយូរ ដើម្បីមានអតិថិជន កុំថាឡើយក្រុមហ៊ុន សេវាកម្មបង់ពន្ធអារកនៅកម្ពុជាដែលមានចំនួនជាច្រើន រួចមកហើយ ហើយថែមទាំងមានភ្នាក់ងារ អន្តរជាតិថែមទៀតផងតែគិតចាប់ខែ មករា ដើមឆ្នាំ ២០១៦ ក្រុមហ៊ុនសេវាកម្មបង់ពន្ធអារក Emerald Agency Limited ទើបតែបើកដំណើរការបានជាង ២ខែប៉ុណ្ណោះ ក៏មានអតិថិជនចុះកុងត្រាទទួលយកសេវាកម្ម បង់ពន្ធទាំងជាតិ និងអន្តរជាតិតាំងតែពីថ្ងៃបើកក្រុមហ៊ុនមកម៉្លេះ។
អ្នកស្រី សុចិន្តាពន្យល់ថា៖ «ជាការពិតណាស់ ដែលក្រុមហ៊ុនរបស់យើងទើបតែបង្កើត តែយើងមានជំនាញរួចជាស្រេចថែមទាំងនាងខ្ញុំផ្ទាល់ ក៏មានទំនាក់ទំនងជាមួយម្ចាស់ភាគហ៊ុន និងបណ្តាលក្រុមហ៊ុននានាតាមរយៈការងារសង្គមនិងការដែលគេធ្លាប់មើលឃើញ ការងាររបស់នាងខ្ញុំតាំងតែពី ធ្វើការនៅកន្លែងចាស់មិនតែប៉ុណ្ណោះ នាងខ្ញុំមានសំណាងដែលមានការរាប់អាន ពីបណ្តាលមិត្តភ័ក្រ្តសាច់ញាតិដែលជាម្ចាស់ក្រុមហ៊ុនមួយចំនួនគេក៏ធ្វើការណែនាំបន្តទៀត»។
គួរបញ្ជាក់ដែរថាអ្នកស្រី សុចិន្តា ជានិស្សិតផ្នែកពន្ធដារ ហើយក៏ធ្លាប់បានបំរើការងារជំនាញខាងផ្នែកពន្ធដារអស់រយៈពេល ជាច្រើនឆ្នាំរួចមកហើយដែរ ព្រមទាំងជាស្រ្តីម្នាក់ដែលសកម្មក្នុងការងារសង្គម និងសារធារណៈ ដូចនេះហើយបានជាក្នុងដើមឆ្នាំ ២០១៦ នេះទៀតសោតអ្នកស្រីក៏ត្រូវបានជ្រើសតាំងជា ប្រធាន សភាយុវពាណិជ្ជករអន្តរជា កម្ពុជាសាខាមេគង្គ (JCI-Mekong)។
ហើយជាចុងក្រោយនេះ លោកស្រីក៏សូមចូលរួមលើកទឹកចិត្តដល់ស្រ្តីដ៏ទៃទៀត ជាពិសេសស្រ្តីខ្មែរ ទាំងក្មេង ទាំងចាស់ ដូច្នេះថា៖«សូមកុំគិតរឿងអាយុ កុំគិតថាក្មេងពេកបើកមុខរបរមិនកើត ចាស់ហើយបើកមុខរបរមិនកើតឱ្យតែយើងមានក្តីសង្ឃឹម និងមានចំណេះដឹងខ្លួនឯងនោះ សូមកុំបោះបង់ត្រូវតែព្យាយាម និងជឿជាក់លើខ្លួនឯង»៕
អត្ថបទដោយ៖ សេង ធី