ភ្នំពេញ ៖ គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នានា ជាពិសេសអគារដែលបម្រើដល់វិស័យពាណិជ្ជកម្ម អគារខុនដូ ក៏ដូចជាលំនៅដ្ឋាន គឺសុទ្ធតែត្រូវការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភ្នាក់ងារ ដើម្បីអាចទទួលបានលទ្ធផលខ្ពស់ និងភាពជោគជ័យរបស់គម្រោង។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ដែលមានទ្រង់ទ្រាយតូច អាចមិនចាំបាច់ត្រូវការសេវាពីក្រុមហ៊ុនភ្នាក់ងារក្នុងការជំរុញដល់ការលក់បាន ដែលអ្នកអភិវឌ្ឍន៍ក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការលក់ដោយខ្លួនឯង ប៉ុន្តែសម្រាប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំដែលមានទំហំដើមទុនរាប់សិបលានដុល្លារ គឺចាំបាច់ត្រូវតែសហការជាមួយក្រុមហ៊ុនភ្នាក់ងារជំនាញ។
លោកបានបញ្ជាក់ថា “សម្រាប់ក្រុមហ៊ុន ក៏ដូចជាអ្នកអភិវឌ្ឍន៍គម្រោងធំៗចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធជាក្រុមហ៊ុនភ្នាក់ងារដែលមានជំនាញ និងយល់ដឹងទូលំទូលាយនៅក្នុងទីផ្សារអចលនទ្រព្យរួម ជាពិសេសមុនពេលសម្រេចចិត្តសហការជាមួយក្រុមហ៊ុនភ្នាក់ងារណាមួយ អ្នកអភិវឌ្ឍន៍ក៏ត្រូវតែសិក្សា និងស្វែងយល់លម្អិតទៅភាពជំនាញ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនភ្នាក់ងារផងដែរ”។
លោក ខន គង្គា បានមានប្រសាសន៍ថា “ការសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញលក់គម្រោងគឺជារឿងសំខាន់បំផុត ព្រោះវាទាក់ទងទៅនឹងការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ ប្រសិនបើជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជំនាញដែលល្អ គម្រោងនឹងជោគជ័យបានឆាប់រហ័ស ប៉ុន្តែបើប៉ះក្រុមហ៊ុនភ្នាក់ងារមិនល្អ អាចធ្វើឱ្យមានការខាតបង់ច្រើន ដែលក្រៅពីចំណាយពេលយូរក្នុងការលក់ គាំងលំហូរចរន្តសាច់ប្រាក់វិនិយោគ ហើយថែមទាំងប៉ះពាល់ដល់កេរ្តិ៍របស់គម្រោងថែមទៀត”៕