ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៩លាន គឺលោកយាយ ព្រុំ កួយ អាយុ ៧៦ឆ្នាំ ដែលសព្វថ្ងៃរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៩លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

មកទល់ពេលនេះ កម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៩លាននាក់ គឺស្មើនឹង 90.12%នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង (អាយុពី ១៨ឆ្នាំឡើង) ។ ចំនួននេះមិនទាន់គិតពីការចាក់ជូន កុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន 72.58%នៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ឬដូសជំរុញនោះទេ។ 

ប្រសិននិយាយ ពីតួលេខសរុបយើងចាក់បានលើស១០លាននាក់ ដែលប្រមាណ 65.25%នៃប្រជាជនសរុប១៦លាននាក់៕