ភ្នំពេញ ៖ ដោយសារភាពរីកចម្រើន និងអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញកាន់តែទូលំទូលាយ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេស ខណៈដែលកំណើននៃចំណូលរបស់ប្រជាពលខ្មែរកាន់តែកើនឡើង បានជម្រុញឱ្យទំនោរនៃការប្រើប្រាស់សំណង់ខុនដូសម្រាប់ស្នាក់នៅក្នុងក្រុងកាន់តែមានភាពពេញនិយម។ 

ប្រធានសមាគមអចលនទ្រព្យ សកល (GRA) លោក សំ សុខនឿន បានមានប្រសាសន៍ថា ចាប់ពីពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ នឹងកាន់តែមានការកើនឡើង ហើយតម្រូវការភាគច្រើនកើតចេញពីប្រជាពលរដ្ឋខ្មែរ។ 

លោកបានបន្ថែមទៀតថា ហេតុផលដែលជម្រុញកំណើនតម្រូវការខុនដូតំលៃសមរម្យ គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួន៤ រួមមានដូចជា៖

ទី១. បុរីថ្មីៗកាន់តែឆ្ងាយពីក្រុងហេីយមានតំលៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុង ដើម្បីបំពេញការងារ។

ទី២. ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើង នាំអោយមានការស្ទះចរាចរណ៍

ទី៣. ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ។ល។

និងទី៤. និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។

លើសពីនេះទៅទៀត ការទិញខុនដូគឺជាការទិញផ្ទះរស់នៅតែម្តង អាចអោយគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ ជាពិសេស គាត់អាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញ បានយ៉ាងងាយស្រួល និងចំណេញពេលវេលា ថែមទាំងកូនៗ របស់គាត់ អាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។

លោកស្រី អាន សុធីតា បានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ។

លោកស្រីបានបញ្ជាក់ថា "ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារ។ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕