រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ តុលានេះ។

ដោយឡែកចំពោះអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាតឲ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមាន រោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នា (ថ្ងៃទី១១ ១២ និង១៣) និងពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀតទេ។

ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៦ ៧ និង៨) ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។

នេះជាការណែនាំថ្មីមួយទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល​ដើម្បីឈានដល់ដំណើរការជាប្រក្រតីឡើងវិញ នៃការបើកសេដ្ឋកិច្ច សង្គម ជាជំហ៊ានៗ បន្ទាប់ពីក្រសួងសុខាភិបាល បានកាត់បន្ថយពេលវេលា ធ្វើចត្តាឡីស័ក សម្រាប់ក្រុមគ្រូពេទ្យជួរមុខ និងពេលវេលានៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលមកពីក្រៅប្រទេស។

ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័កក៏ដោយ សេចក្ដីណែនាំនេះ នៅតម្រូវឲ្យបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបជូនដែរថា ការឆ្លងកូវីដ១៩នៅកម្ពុជាចុងក្រោយនេះ មានសភាពល្អប្រសើរទោះជា មានការបើកឲ្យឈប់សម្រាក់បុណ្យភ្ជុំបិណ្យកន្លងមក ក៏ការឆ្លងបានស្ថិតក្នុងរង្វង់១០០នាក់ជាប្រចាំថ្ងៃ និងមានអ្នកកំពុងសម្រាកព្យាបាលទូទាំងប្រទេសប្រមាណជា ២០០០នាក់ប៉ុណ្ណោះ៕