រូបភាពពី rojakdaily.com

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង លើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប ២០២០-២០៣៥ អង្គប្រជុំឯកភាពថា ជម្រើសនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ខេត្តសៀមរាប ក្នុងនោះឆ្ពោះទៅឆ្នាំ២០៣៥ត្រូវផ្តោតលើអ័ក្សជាយុទ្ធសាស្រ្តចំនួន ៥ ដូចខាងក្រោម៖

១. អ័ក្សយុទ្ធសាស្រ្តទី១៖គោលនយោបាយសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកើតចេញពីសកម្មភាពទេសចរណ៍៖ផ្តល់កម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ដោយគោរពនិងលើកកម្ពស់បរិស្ថានស្អាត និងភាពសម្បូរបែបនៃទេសចរណ៍ ដោយត្រូវបង្កើតផលិតផលនិងសកម្មភាពទេសចរណ៍ថ្មីៗនៅទូទាំងខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តដំបូងនេះផ្អែកលើការបង្កើតតំបន់អភិវឌ្ឍន៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តសៀមរាបដាក់ចេញគោលនយោបាយសំដៅទាញយកឥទ្ធិពលដោយផ្ទាល់និងដោយប្រយោលនៃវិស័យទេសចរណ៍លើការអភិវឌ្ឍខេត្តសៀមរាបអមជាមួយនឹងសំណើថ្មីៗទាក់ទងនឹងការរៀបចំផែនការថ្មីៗដោយត្រូវគិតគូរបន្ថែមពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។

២. អ័ក្សយុទ្ធសាស្រ្តទី២៖ ផ្អែកលើការបង្កើតរបៀងទេសចរណ៍ថ្មីៗប្រកបដោយគុណភាពភាពទាក់ទាញសម្រាប់ខេត្តសៀមរាបទាំងមូល រួមទាំងការបង្កើតនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពសំខាន់ៗក្នុងខេត្តសៀមរាប។

៣. អ័ក្សយុទ្ធសាស្រ្តទី៣៖ដាក់ចេញគោលនយោបាយសំដៅផ្តល់អត្តសញ្ញាណថ្មីដល់ខេត្តសៀមរាប(វប្បធម៌រួមបញ្ចូលជាមួយធម្មជាតិ)កុំឲ្យគោលដៅដំណើរទស្សនាតែមួយទៅកាន់រមណីយដ្ឋានវប្បធម៌តែមួយមុខប៉ុន្តែអាចលើកស្ទួយធនធានទេសចរណ៍ផ្សេងទៀតពិសេសធម្មជាតិ។ អ័ក្សយុទ្ធសាស្រ្តទី៣នេះគឺការដាក់ចេញផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ថ្មីៗសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងការសម្រួលការតភ្ជាប់តាមផ្លូវទឹក ផ្លូវគោកផ្លូវដែក និងផ្លូវអាកាសមកខេត្តសៀមរាប។

៤. អ័ក្សយុទ្ធសាស្រ្តទី៤៖ការពង្រឹងគុណភាពទេសចរណ៍អមជាមួយការពង្រឹងអនាម័យបរិស្ថានស្អាត ទីក្រុងស្អាតនិងធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។ អក្ស័យុទ្ធសាស្រ្តទី៤នេះបានគិតគូរក្នុងការពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌអង្គរពិសេសការដាក់ចេញយន្តការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានវប្បធម៌ឱ្យកាន់តែប្រសើរឡើងសំដៅជំរុញឱ្យមានការចូលទស្សនាកាន់តែប្រសើរទាំងបរិមាណ និងគុណភាព។ដោយផ្អែកលើការកំណត់យុទ្ធសាស្រ្តកំណត់តម្លៃសំបុត្រចូលអង្គរនិងក៏ដូចជាការពង្រឹងគុណភាពក្នុងឧស្សាហកម្មទេសចណ៍ និងការពង្រឹងអនាម័យ ភាពស្អាតនិងបៃតង ប្រកបដោយបរិស្ថានល្អ ទីក្រុងស្អាតក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះអ័ក្សយុទ្ធសាស្រ្តទី៤នេះក៏បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។

៥. អ័ក្សយុទ្ធសាស្រ្តទី៥៖ ដាក់ចេញយន្តការអភិបាលកិច្ចនិងយន្តការស្ថាប័នគាំទ្រអមជាមួយយុទ្ធសសាស្រ្តវិនិយោគ (សាធារណៈ និងឯកជន)ដើម្បីទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍និងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តទី៥នេះផ្អែកលើការបង្កើតយន្តការសម្របសម្រួល (កម្រិតខ្ពស់) អន្តរស្ថាប័ននិងការបង្កើតឲ្យមានយន្តការ DMO’s នៅតាមតំបន់ទេសចរណ៍អាទិភាពទាំង ៦៕