សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ពេល​វេលា​តែង​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​នេះ​ការ​ប្រើ​ប្រាស់​ពេល​វេលា​ឱ្យ​បាន​សម​ប្រកប​គឺ​​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ ពិសេស​ការ​ធ្វើ​ឱ្យ​សុខមាលភាព​ផ្លូវ​កាយ និង​ចិត្ត​បាន​ប្រសើរ​។ តាម​រយៈ​លោក​ស្រី IngridFetell Lee ដែល​​ជា​អ្នក​និពន្ធ​សៀវភៅ​ចែក​រំលែក​គំនិត​​​ជា​ឧទាហរណ៍​ដូច​ជា​​សៀវភៅ​"Joyful: The SurprisingPower of Ordinary Things to Create Extraordinary Happiness”និង​សៀវភៅ​គំនិត​ផ្សេង​ៗ​ទៀតដែល​ថ្ងៃ​នេះ​​ក្រមា​ប៉ុស្ត៍​សូម​លើក​​ពី​​ចំណុច​​​​ខ្លះ​ៗ​​នៃ​ការ​ប្រើ​ពេល​វេលា​ឱ្យ​បាន​រីក​រាយ និង​​ផ្តល់​សុខាមាល​ភាព​ដូច​​​ដែល​លោក​ស្រី​បាន​លើក​ឡើង​​៖​

.មាន​ពេល​​សម្រាប់​​ការ​ស្វ័យ​សិក្សា​និង​​បរិស្ថាន​ជម្រុញ​ទឹក​ចិត្ត

ចំណុច​នេះ​​​សម្តៅ​​​ថាអ្នក​ជា​មនុស្ស​ឯករាជ្យ​ហើយ​​នៅ​ក្នុង​បរិបទ​​​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯងមិន​ថា​តាម​រយៈ​ការ​ស្វ័យ​រៀន​សូត្រ​ដោយ​ខ្លួន​ឯងការ​ចូល​រួម​សិក្ខា​សាលា​បង្រៀន​​អន​ឡាញ ឬ​មួយ​អ្នក​អាច​រៀន​សូត្រ​​ពី​បរិស្ថាន​​រៀន​សូត្រ​ជា​​សហគមន៍​ទៅ​តាម​ផ្នែក​ដែល​បាន​ជម្រុញ​ចិត្ត​អ្នក​​ដូច​ជាវិចិត្រ​ករ​ ការ​ច្នៃ​សិល្បៈ​ចុង​ភៅ ឬ​មួយ​សកម្មភាព​​កីឡា​ជា​ដើម​។ម្យ៉ាង​ទៀត​បរិស្ថាន​ជម្រុញ​ចិត្តក៏​សម្តៅ​ក្នុង​ន័យ​​នៃ​ការ​ផ្តល់​ចំណេះ​ដឹង​​​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរដូច​​ជា​ការ​បង្រៀនការ​ជម្រុញ​ទឹក​ចិត្ត ឬ​ចែក​រំលែក​បទ​ពិសោធ​ដែល​មាន​ទៅ​ដល់​​ក្មេង​ៗ ឬ​អ្នក​ជំនាន់​ក្រោយ​ដែល​​ពួក​គេ​មាន​ក្តី​ប្រាថ្នា​​ដូច ​ឬ​ប្រហាក់​ប្រហែល​អ្នក​ដែរ។​

Image

.មាន​ពេល​​ចូល​រួម​​ព្រឹត្តិការណ៍ ឬ​​កម្មវិធី​ដែល​អ្នក​ចូល​ចិត្ត

​​ចំណុច​នេះគឺ​​សម្តៅ​ន័យ​ទៅ​ដល់​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ផ្ទាល់ដែល​អាច​ជា​​​សកម្មភាព​ក្នុង​កម្មវិធី​ ឬ​ព្រឹត្តការណ៍​ដែល​អ្នក​ចូល​ចិត្តដូច​ជា​កម្មវិធី​សប្បុរស​ធម៌កម្មវិធី​ជួយ​ដល់​​មណ្ឌល​កុមារ​កំព្រាកម្មវិធី​ដាំ​ដើម​ឈើ ឬ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រត់​ម៉ារ៉ា​តុង​ជា​ដើម​។ ហើយ​សកម្មភាព​​ទាំង​នេះដោយ​ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​គឺ​ពិត​ជា​បាន​ជួយ​ដល់​សុខមាល​ផ្លូវ​កាយ និង​ចិត្ត​ទៀត​ផងដោយ​សារ​តែ​​សកម្មភាព​ក្នុង​ទំនាក់​ទំនង​សង្គម​នេះ​។

.មាន​ពេល​សម្រាកហើយ​បន្ត​​​សកម្មភាព​ជា​គោល​ដៅ​របស់​អ្នក

ចំណុច​នេះ​គឺអ្នក​ផ្ទាល់​មាន​ពេល​ខ្លះ​សម្រាប់​ការ​សាក​ថ្ម​ថាម​ពល​ជីវិត​ឡើងដោយ​​ផ្តល់​កាដូ​ខ្លួន​ឯង​ជា​​ដំណើរ​កម្សាន្ត​​​ឱ្យ​បាន​រីក​រាយជា​របស់​ប្រើ​ប្រាស់​ដែល​អ្នក​ពេញ​ចិត្ត ឬ​ជា​អ្វី​ដែល​ជម្រុញ​ឱ្យ​អ្នក​ទៅ​ដល់​គោល​ដៅ។ដែល​ការ​សម្រាក​ឬ​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​ នឹង​ធ្វើ​ឱ្យ​អ្នក​បាន​រីក​រាយនិង​​ជា​ថាម​ពល​បន្ត​ដំណើរ​ទៅ​​ដល់​​គោល​ដៅ​​ប្រកប​ដោយ​​ផ្លែ​ផ្កា​។

.មាន​ពេល​សម្រាប់​ស្វែង​យល់​ពី​គំនិតនិង​​របៀប​ប្រើ​​បច្ចេកវិទ្យា

បរិបទ​បច្ចេក​វិទ្យា​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វ​ថ្ងៃដូច​នេះ​ការ​មាន​ពេល​ផ្សារ​ភ្ជាប់​នឹង​ការ​​ស្វែង​យល់និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្លះនឹង​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​បាន​ងាយ​ស្រួល​​។ ជា​ឧទាហរណ៍​ការ​​រៀន​ពី​បច្ចេកវិទ្យា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​​មិត្តភក្តិ​ជិត​ស្និទ្ធ​អ្នក​ពេល​ពួក​គេ​នៅ​ឆ្ងាយ ឬ​ការ​រៀន​ពី​បច្ចេកវិទ្យា​ដើម្បី​ស្វែង​យល់​ពី​គំនិត​ថ្មី​ៗ​​​នៅ​លើ​​គេហទំព័រ​ដែល​ផ្តល់​ចំណេះ​ដឹង ​ឬ​ជា​ការ​ប្រើ​ប្រាស់​បណ្ណាល័យ​អេឡិច​ត្រូនិក​ជា​ដើម​៕