មធ្យោបាយ​ទូ​ទាត់​​​នៅ​ពេល​បច្ចុប្បន្ន​គឺ​កាន់​តែ​ទំនើប និង​ងាយ​ស្រួល​ មិន​ថា​ការ​ទូ​ទាត់​​​ជា​បុគ្គល​ក្នុង​ទ្រង់​ទ្រាយ​តូច​ៗ ឬ​ទូ​ទាត់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ធំ​ៗ គឺ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ដោយ​សារ​តែ​​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​រៀង​រាល់​ថ្ងៃ។ ផ្អែក​តាម​ការ​ចេញ​ផ្សាយ​ថ្មី​ៗ​នៃ​របាយការណ៍​ស្រាវជ្រាវ​ឈ្មោះ Payments Ecosystem ​របស់ គេហទំព័រ​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ដ៏​ល្បី​​របស់​សហរដ្ឋអាមេរិក Business Insider ក៏​បាន​​បង្ហាញ​នូវ​បី​ចំណុច​ធំ​ៗ​ ជា​រូប​រាង​នៃ​ប្រព័ន្ធ​​មធ្យោបាយ​ទូ​ទាត់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ការ​លូត​លាស់​របស់​វា​ នៅ​ពេល​អនាគត​ ដែល​មាន​ដូច​ជា​៖

១. ការ​ទូ​ទាត់​ទ្រង់​ទ្រាយ​តូច ឬ​ការ​​លក់​រាយ ទិញ​-ដូរ​​​ នៅ​តាម​ហាង​ទំនិញ​គឺ​នៅ​តែ​បន្ត​មាន ៨៩​% (នៅ​​ក្នុង​សហរដ្ឋអាមេរិក)។ ដោយ​ឡែក​អ្វី​ដែល​កត់​សម្គាល់​នោះ​គឺ ការ​ប្រើ​ប្រាស់​កាត ដែល​មាន​សាច់​លុយ​​សម្រាប់​ទូ​ទាត់​នៅ​តែ​បន្ត​នាំ​មុខ​ក្នុង​ការ​ទូ​ទាត់​ លក់​-ដូរ​នៅ​ក្នុង​ហាង​ទំនិញ ខណៈ​ពេល​ដែល​ការ​ទូ​ទាត់​ដោយ សាច់​ប្រាក់​​សុទ្ធ និង​មូលប្បទានប័ត្រ (សែក) មាន​អត្រា​ថយ​ចុះ​ទៅ​ៗ (ក្នុង​កម្រិត​យឺត)។ ប៉ុន្តែ​ គេ​ក៏​​ស្ទង់​ឃើញ​ថា ​កំណើន​ការ​ទូ​ទាត់​ដោយ​មិន​​មាន​​ប៉ះ​សាច់​ប្រាក់​ផ្ទាល់​ ពោល​គឺ​​ទូ​ទាត់​​​ទឹក​ប្រាក់​​​តែ​​រយៈ​តាម​ទូរសព្ទ​ដៃ បាន​លេច​ជា​រូប​រាង​ច្បាស់​​​​​លាស់ ដែល​ពុំ​បាច់​​មាន​ចម្ងល់​​ទៀត​ថា ថ្ងៃ​អនាគត​ ការ​ទូ​ទាត់​បែប​នេះ នឹង​ក្លាយ​ជា​រឿង​ធម្មតា។

២. ការ​ទិញ​ទំនិញ​តាម​រយៈ​ ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិន​ចាំ​បាច់​ទៅ​ហាង​ដោយ​ផ្ទាល់ កំពុង​មាន​កំណើន​កើន​ឡើង​ខ្លាំង​ ហើយ​​អនាគត​វា​នឹង ស្រូប​យក​ចំណែក​នៃ​ការ​ទិញ​រាយ​មួយ​ចំនួន​ ពី​ការ​ទៅ​ហាង​ទិញ​ដោយ​​ផ្ទាល់​។ ការ​​បញ្ជា​ទិញ​​​តាម​រយៈ​ទូរសព្ទ​ដៃ និង​កុំ​ព្យូទ័រ​ នឹង​នាំ​មុខ​គេ​នៅ​ក្នុង​រឿង​នេះ។ ហើយ​ទន្ទឹម​នឹង​នោះ វិធី​ថ្មី​នៃ​ការ​ទូទាត់​នឹង​កាន់​តែ​ងាយ​ស្រួល ​​ដែល​អាច​មាន​រូប​រាង​ជា បច្ចេកវិទ្យា​ឆ្លើយ​សំនួរ​តាម​តម្រូវ​ការ នឹង​ឆ្លើយ​ឆ្លង​ដោយ​សម្លេង​​​បច្ចេកវិទ្យា ការ​សម្លៀក​បំពាក់ ឬ​សូម្បី​តែ​ការ​ចំណាយ​ដោយ​រថយន្ត​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណ​ នឹង​កាន់​តែ​ងាយ​ស្រួល​​។

៣. មធ្យោបាយ​ទូទាត់​​បែប​ឌីជីថល នឹង​បង្ក​ភាព​ងាយ​ស្រួល​​​មិន​មែន​សម្រាប់​តែ​​​ការ​ទូ​ទាត់​តូច​ៗ​ប៉ុណ្ណោះ​ទេ ការ​ទូទាត់​លក្ខណៈ​ពាណិជ្ជកម្ម​ធំ​ៗ ការ​ផ្ញើ​ប្រាក់​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ធំ​​តាម​បែប​អេឡិចត្រូនិក​ នឹង​នៅ​តែ​បន្ត​រីក​លូត​លាស់​នៅ​ទូ​ទាំង​ប្រព័ន្ធ​ទូ​ទាត់​បែប​ឌីជីថល​។

ក្រៅ​ពី​ការ​​លើក​ឡើង​​​​​នៃ​ការ​ព្យាករ​នូវ​រូប​រាង​អនាគត​នៃ​មធ្យោបាយ​ទូ​ទាត់​​បី​ចំណុច​ខាង​លើ​នេះ ​របាយការណ៍ Payments Ecosystemយ៉ាងណាមិញ​ក៏​បាន​លើក​ពី​បញ្ហា​ខ្លះ​ផង​ដែរ សម្រាប់​ការ​ទូទាត់​តាម​បែប​ឌីជីថល​​ នោះ​គឺ​ ការ​គេង​បន្លំ​បោក​ប្រាស់​ថ្មី​ៗ​ដែល​អាច​នឹង​កើត​ឡើង​លើ​ប្រព័ន្ធ​ឌីជីថល ដែល​អាច​គំរាម​កំហែង​ទាំង​ប្រព័ន្ធ​សុវត្ថិភាព​ទិន្នន័យ​ពី​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់ ក៏​ដូច​ជា ទិន្នន័យ​​សម្ងាត់​ឯកជន​ផង​ដែរ ដែល​សុទ្ធ​សឹង​ជា​បញ្ហា​ត្រូវ​ត្រៀម​បង្ការ​ ការពារ​៕