អង្គការសិទិ្ធមនុស្ស May 18 Memorial Foundation បានសម្រេចដកពានរង្វាន់ពីលោកស្រី អោងសាន ស៊ូជី ដោយសារភាពមិនខ្វល់ពី អំពើហិង្សាលើ ជនជាតិរ៉ូហ៊ីងយ៉ា

អង្គការសិទ្ធិមនុស្សមួយ នៅ​កូរ៉េខាងត្បូង នឹងដក​ហូតពានរង្វាន់ ដែលបាន​ប្រគល់ទៅឲ្យ ​មេដឹកនាំ​​មីយ៉ាន់ម៉ា​លោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហា​ពាក់ព័ន្ធនឹង​​ជនជាតិ​ភាគតិចរូហ៊ីងយ៉ា នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia។

អ្នកនាំពាក្យ​អង្គការសិទិ្ធមនុស្ស May 18 Memorial Foundation បានលើក​ឡើងយ៉ាងដូច្នេះថា «ភាពមិនសូវខ្វាយខ្វល់​​​របស់លោកស្រី ចំពោះបញ្ហា​​​ហិង្សា ​ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺផ្ទុយស្រឡះពី​គុណតម្លៃ​ដែលពានរង្វាន់ប្រភេទនេះ​តម្រូវឲ្យ នោះគឺ​ការការពារ និងលើកកម្ពស់​​សិទ្ធិមនុស្ស»

ដោយសារហេតុផល​ខាងលើ ​​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការខាងលើ នាថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេច​នឹង​ដកហូត​ពាន​រង្វាន់ពី​លោកស្រី អោងសាន ស៊ូជី វិញ។ 

គួរបញ្ចាក់ថា ពានរង្វាន់នេះ ត្រូវបានប្រកាស ផ្ដល់ឲ្យលោកស្រី ខណៈដែល លោកស្រីកំពុង ​ស្ថិតក្រោម​ការឃុំឃាំង​នៅក្នុង​គេហឋាន ​ដោយអតីត​រដ្ឋាភិបាល​យោធាភូមា តែលោកស្រី ក៏មិនទាន់បានទទួលពាន​រង្វាន់សិទ្ធិ​មនុស្ស ក្វាងជូ (Gwangju) នេះដោយផ្ទាល់ឡើយ៕

មូលនិធិ May 18 Memorial Foundation ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ​១៩៩៤ ដើម្បីជាការគោរព​ដល់ចលនាងើបឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យ​នៅឯទីក្រុង Gwangju កាលពីឆ្នាំ១៩៨០ ៕