រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចេញលិខិតសម្រេចកែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស។
ការសម្រេចបញ្ចុះពន្ធនេះ ដោយសារតែអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យឃើញ មានរថយន្តមួយចំនួន ជាពិសេសប្រភេទ ដែលមានឆ្នាំម៉ូដែល ក្រោមឆ្នាំ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូន ប្រកបដោយសមធម៌។
ចំណែករថយន្តចង្កូតស្តាំ គ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយ លើតម្លៃរថយន្តចង្កូតឆ្វេង តាមឆ្នាំម៉ូដែល ៣ប្រភេទ គឺ
- ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៥ ចុះ បន្ថយ ២០%។
- ឆ្នាំម៉ូដេល ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បន្ថយ ១៥% និង
- ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយ ១០%។
ក្នុងសេចក្តីប្រកាសដដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានកំណត់ថា ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់សុទ្ធលើសពី ២០តោន ត្រូវបានលើកលែងការតម្រូវឲ្យកែចង្កូត ពីស្តាំ ទៅឆ្វេង៕