ប្រទេសឡាវ បានបង្ហាញពី ឧបករណ៍យោធាថ្មីៗ ដែលផលិតដោយរុស្ស៊ី នៅកំឡុងក្បួនដង្ហែរយោធា

ប្រទេសឡាវ៖ ក្បួនដង្ហែរយោធាដ៏ធំមួយ ត្រូវបានប្រារព្ធឡើង នៅទីក្រុងវៀងចន្ទ កាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួប លើកទី 70 នៃការបង្កើតកងទ័ពប្រជាជនឡាវ។

ក្នុងក្បួនដង្ហែរនោះ មានសម្ភារៈថ្មីៗរបស់រុស្ស៊ី ត្រូវបានបង្ហាញ ក្នុងអំឡុងពេលនៃក្បួនដង្ហែរនោះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី។ ក្នុងចំណោមគ្រឿងបរិក្ខាយោធាទាំងនោះ មានរថក្រោះទំនើប ធុន T-72 និងរថពាសដែក BRDM-2M។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានផ្តល់ឲ្យប្រទេសឡាវ នូវគ្រឿងសព្វាវុធ អាវុធនិងសម្ភារៈយោធាផ្សេងទៀត តាមកិច្ចព្រមព្រៀង ជំនួយផ្នែកបច្ចេកទេសយោធា ដែលបានធ្វើឡើងនៅខែមករាឆ្នាំ 2018 នៅពេលដែល រដ្ឋមន្ត្រីការពារជាតិរូស្ស៊ីលោក Sergei Shoigu បានធ្វើដំណើរទៅកាន់ប្រទេសឡាវ។

កិច្ចព្រមព្រៀងនោះ ក៏អនុញ្ញាតឱ្យមន្រ្ដីយោធាឡាវ ទទួលបានការបណ្តុះបណ្តាល នៅសាលាយោធារុស្ស៊ី និងផ្តល់អ្នកឯកទេសរុស្ស៊ីធ្វើជាទីប្រឹក្សាជួយ ក្នុងការកសាងសមត្ថភាពការពារជាតិ របស់ប្រទេសឡាវផងដែរ៕