ខេត្តប៉ៃលិន៖ ការដឹកនាំអង្គភាព ក៏ដូចជាការដឹកនាំប្រទេស យើងមិនអាចកសាងអង្គភាពទៅមុខ ដោយមិនរំលឹកអំពីស្នាដៃរបស់អ្នកជំនាន់មុនបានទេ។ នេះជាប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងជាច្រើន និងការរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក្នុងរយៈកាលចាប់តាំងពីកកើតដំបូងរហូតមកដល់បច្ចុប្បន្ន ។
លោកថា៖"ការដឹកនាំអង្គភាព ក៏ដូចជាការដឹកនាំប្រទេសផងដែរ គឺយើងមិនអាចកសាងអង្គភាពទៅមុខ ដោយមិនរំលឹកអំពីស្នាដៃរបស់អ្នកកសាងពីជំនាន់មុនបានទេ" វឌ្ឍនភាពដូចសព្វថ្ងៃនេះ ក៏ដោយសារមានមេបញ្ជាការ នាយសេនាធិការ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ជំនាន់ បានដឹកនាំ និងចូលរួមកសាងជាបណ្តើរៗ ដោយពេលខ្លះកសាងផង ប្រយុទ្ធផង ហើយពេលខ្លះក៏ត្រូវកសាងក្នុងពេលលំបាកខ្វះខាតធនធានថែមទៀត។ ដូច្នេះ ការផ្ទេរមុខតំណែងនាឱកាសនេះ មិនគ្រាន់តែជាការផ្ទេរមេបញ្ជាការ និងនាយសេនាធិការអង្គភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ទេរការទទួលខុសត្រូវក្នុងការដឹកនាំពង្រឹងកម្លាំង និងការកសាងអង្គភាពបន្តទៅមុខទៀតផងដែរ។
លោកបានលើកបញ្ជាក់ថា កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង ដូច្នេះតួនាទីមេបញ្ជាការ និងនាយសេនាធិការ គឺជាតួនាទីសំខាន់ព្រោះជាក្បាលម៉ាស៊ីនដឹកនាំអង្គភាព ដែលទាមទារឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈសម្បត្តិបុគ្គល និងលក្ខណៈសម្បត្តិជាក្រុម ទើបអាចដឹកនាំអង្គភាពបានរីកចម្រើន។ ឈរលើគោលការណ៍នេះ ការពិនិត្យការវាយតម្លៃចំពោះការសម្រេចតែងតាំង ត្រូវធ្វើឡើងតាមឋានានុក្រម និងពិគ្រោះយោបល់ល្អិតល្អន់ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន ដូចជា អតីតភាព, បទពិសោធន៍ការងារ, ឆន្ទៈ, ស្មារតី និងការខិតខំប្រឹងប្រែង ក៏ដូចជាសុខភាព និងលទ្ធភាពនៃការរុញនិរន្តភាពការងារ ដែលសំដៅដល់ឆន្ទៈ ពេលវេលា និងសកម្មភាពបន្តជំរុញកិច្ចការផ្សេងៗក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ។ លោកបន្តថា ទោះបីជាការដឹកនាំអង្គភាពមិនអាចល្អឥតខ្ចោះ ប៉ុន្តែត្រូវដឹកនាំដោយយកគោលការណ៍ច្បាប់ជាគោល និងគោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាគោល។ ជាសមូហភាពខ្លាំង សាមគ្គីជាកម្លាំងរឹងមាំ ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ។
លោកក៏បានរំលឹកថ្លែងអំណរគុណចំពោះស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលក្នុងនោះមានថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីទាំងអស់ ដោយរួមទាំងនាយទាហានជាច្រើននៃតំបន់ប្រតិបត្តិការសឹករងប៉ៃលិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ហើយថា លោកជាស្ថាបនិកអ្នកផ្តួចផ្តើមគំនិតក្នុងការគិត ប៉ុន្តែនយោបាយនេះ មិនអាចទទួលបានជោគជ័យឡើយ បើគ្មានការចូលរួមអនុវត្តន៍ប្រកបដោយភាពស្មោះត្រង់ និងការទុកចិត្តគ្នាពីគ្រប់ភាគីជាប្រតិបត្តិករទាំងអស់។ ដោយសារនយោបាយនេះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្តដូចសព្វថ្ងៃ។
ចំពោះបញ្ហាជំងឺកូវីដ-១៩ លោកក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់លើបញ្ហានេះ ដោយបន្តអនុវត្តន៍នូវរាល់វិធានការសុខាភិបាល ក៏ដូចជាបំផុសឱ្យយោធិនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាពអនាម័យផ្ទាល់ខ្លួន ហើយត្រៀមលក្ខណៈចូលរួមអនុវត្តន៍ផែនការដែលរាជរដ្ឋាភិបាលអាចដាក់ចេញក្នុងករណីចាំបាច់៕