បច្ចុប្បន្នមានធនាគារជាច្រើនបានកំពុងតែធ្វើជាដៃគូសហការយ៉ាងល្អ ជាមួយនឹងអាជីវករ ប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្មនឹងការបណ្តាក់ទុនដៃគូទៅលើជំនួញ។ យ៉ាងណាមិញ បើនិយាយអំពីការខ្ចីប្រាក់ពីធនាគារនីមួយៗគឺមនុស្សម្នាក់ៗសុទ្ធសឹងតែមានហេតុផលផ្សេងៗ ទើបសម្រេចចិត្តធ្វើការកម្ចីសាច់ប្រាក់ពីធនាគារ ដើម្បីយកមកដោះស្រាយបញ្ហា​ឲ្យប្រសើរជាងមុន។ ប៉ុន្តែការកម្ចីប្រាក់ដោយសារគ្មានគោលដៅច្បាស់លាស់ ឬក៏មិនបានគិតគូរឲ្យបានវែងឆ្ងាយអាចធ្វើឲ្យអ្នកជួបប្រទះនូវបញ្ហាទៅថ្ងៃខាងមុខ នឹងមានបំណុលជាប់ខ្លួនជារៀងរាល់ឆ្នាំ។ ដូច្នេះខាងក្រោមនេះជាប្រភេទកម្ចីប្រាក់ដែលធ្វើឲ្យអ្នកជំពាក់លុយគេរុំកោះ:

១. កម្ចីលុយជំនួសអ្នកដទៃ

វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការធានាខ្លួនរបស់អ្នកខ្ចីប្រាក់ពីធនាគារជំនួសអ្នកដទៃ ដោយសារតែ​ភាពទុកចិត្តទៅលើបុគ្គលម្នាក់នោះ។ ដោយហេតុថាទៅថ្ងៃខាងមុខ អ្នកនឹងមិនបានដឹងនោះទេថា វានឹងមានរឿងអ្វីកើតឡើង ព្រោះបុគ្គលដែលអ្នកគិតថាទុកចិត្តនោះ គេអាចនឹងដោះដៃចេញពីអ្នកនៅពេលថ្ងៃណាមួយ ដោយមិនដឹងខ្លួន ហើយទុកឲ្យអ្នកដោះបំណុលជាមួយធនាគារតែម្នាក់ឯង ក៏ព្រោះតែមានតែអ្នកម្នាក់គត់ ដែលត្រូវចេញមុខទទួលខុសត្រូវទាំងស្រុងលើកម្ចីប្រាក់ដែលខ្លួនធ្លាប់បានជំពាក់។

២. កម្ចីប្រាក់ដើម្បីបង្ហាញសម្ភារនិយ​ម

ការកម្ចីប្រាក់ប្រភេទនេះវាគ្រាន់តែជាការលម្អខ្លួនតែប៉ុណ្ណោះ ដូចជាការកម្ចីប្រាក់ដើម្បីយកទៅទិញ សម្ភារថ្លៃៗនិងរបស់ប្រេនៗដែលមានតម្លៃថ្លៃ និងមិនអាចស្វែងរកប្រាក់ចំណូលត្រឡប់មកកាន់អ្នកវិញ។ ហើយការកម្ចីប្រាក់ដើម្បីយកមកធ្វើរឿងបែបនេះ គឺមិនបានផ្ដល់អត្ថប្រយោជន៍ជួយឲ្យអ្នករីកចម្រើនទៅមុខឡើយ ផ្ទុយទៅវិញវាមានតែការលក់របស់ធ្វើការសងបំណុលទៅវិញនោះទេ​។ ដោយគ្រាន់តែត្រូវការផលប្រយោជន៍បន្តិចបន្តួច ប៉ុន្តែមិនទទួលបានផលចំណេញឲ្យអ្នករីកចម្រើនទៅមុខនោះទេ។ ដូចគ្នានេះដែរអ្នកក៏ត្រូវស្វែងយល់សម្រេចចិត្តក្នុងការធ្វើអ្វីមួយឲ្យបានច្បាស់លាស់ជាមុន។

៣. កម្ចីប្រាក់ដើម្បីលេងល្បែង

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងឬបានជួបប្រទះដោយផ្ទាល់មកហើយ អំពីមនុស្សញៀនល្បែងរហូតចាញ់អស់ពីខ្លួន រួចបន្តកម្ចីប្រាក់ពីធនាគារដើម្បីធ្វើការស្រង់ដើមត្រឡប់មកវិញ។ ក្នុងនោះផងដែរអ្នកងប់ងល់ទៅនឹងរឿងល្បែងសុីសងបានយល់ថាវាជាមុខរបរងាយនឹងបានលុយមកវិញ។ ​ប៉ុន្តែបុគ្គលទាំងនោះមិនដែលគិតពី​​ការខាតបង់ និងវិនាសទ្រព្យសម្បត្តិឡើយថែមទាំងយករបស់របបក្នុងផ្ទះ មាសប្រាក់ដែលរកមកបាន រួមទាំងប្រាក់ដែលបានខ្ចីពីគេយកទៅបន្តធ្វើរឿងខុស រហូតទាល់តែទាល់ច្រក ដោះស្រាយមិនចេញ​​ហើយបូកផ្សំទាំងបំណុលជាប់ខ្លួនទៀតផង។ ប្រាកដណាស់ថា ពួកគេនឹងជួបប្រទះនូវផលលំបាកជាក់ជាមិនខានឡើយ។

៤. កម្ចីប្រាក់ដើម្បីសងបំណុលចាស់

​វិធីបែបនេះនៅតែបន្ត ប្រព្រឹត្តដរាបណាអ្នកមិនមានផែនការដទៃដើម្បីដោះស្រាយបញ្ហានោះ។ការធ្វើកម្ចីប្រាក់បែបនេះ អ្នកមិនអាចដោះបំណុលអស់នោះទេ ​គឺ​មានតែអត្រានៃការផ្តល់កម្ចីប្រាក់របស់អ្នកកើនឡើងជាងមុនពោលគឺបំណុលចេះតែច្រើន អត្រាការប្រាក់កាន់តែខ្ពស់ ថែមទាំងអាចបាត់បង់ទ្រព្យដោយសារយកទៅលក់​​ រឺធ្វើការបញ្ចាំ សូម្បីតែផ្ទះ​ ដីធ្លី នឹងរបស់ដែលមានតម្លៃផ្សេងៗទៀតផង។ ជាមួយគ្នានេះដែរអ្នកគួរតែចេះជ្រើសរើសយកនូវវិធីផ្សេងពីនេះ ហើយដាច់ខាតមិនគួរធ្វើរឿងបែបនេះឡើយ។

៥. កម្ចីប្រាក់ដើម្បីបណ្ដាក់ទុនខុសច្បាប់

ការរកសុីបែបនេះគឺមានហានិភ័យខ្ពស់ខ្លាំងណាស់ពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើម ចង់ការប្រាក់ពីធនាគារ ដោយសារតែមុខរបរប្រភេទនេះ គឺមិនអាចនូវស្ថិតស្ថេរបានយូរអង្វែងឡើយ។ដោយហេតុថាវានឹងមានហានិភ័យខ្ពស់ ហើយត្រូវរងការតាមដានពីសមត្ថកិច្ច ការរិបអូសទ្រព្យជំពាក់លុយធនាគារ ដោយសារតែយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ។ ដូច្នេះមុននឹងអ្នកចាប់ផ្ដើមធ្វើការរកសុីអ្វីមួយ សុំធ្វើការគិតឲ្យបានល្អិតល្អិនជាមុនសិនមុនពេលចាប់ផ្តើមអាជីវកម្ម។

ជាចុងក្រោយ ការដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយដើម្បីធ្វើការកម្ចីសាច់ប្រាក់ពីធនាគារ អ្នកត្រូវគិតពិចារណាឲ្យបានសុីជម្រៅ ឬក៏ទៅប្រឹក្សាយោបល់ជាមួយសមាជិកគ្រួសារមិត្តភក្តិល្អ និងមនុស្សជុំវិញខ្លួនដែលអ្នកអាចទុកចិត្តបាន។