Image

នៅវគ្គទី២ស្តីពី “សមត្ថភាព និងស្មារតីអ្នកដឹកនាំ” នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី“ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ” ដែលមានគ្រូឧទ្ទេសគឺលោក ពឹង គិមឆេន នៅត្រង់ចំណុចស្មារតីនៃអ្នកដឹកនាំ លោកបានចែករំលែកជា៤ចំណុច ជាធាតុសំខាន់តាមរយៈបទពិសោធផ្ទាល់របស់ខ្លួន។ ៤ចំណុចនៃស្មារតីនៃអ្នកដឹកនាំ ចែករំលែកពីអតីតនាយកសាលាវត្តបូព៌ ខេត្តសៀមរាបដែលមានឈ្មោះល្បីល្បាញរូបនេះ មានដូចខាងក្រោម៖  

. ការដឹកនាំដោយចេះបង្កើតគំនិតថ្មី

ចំណុចនេះសម្តៅទៅលើអ្នកដឹកនាំ ចេះបញ្ចូលគំនិតថ្មីៗទៅដល់កិច្ចការរបស់ខ្លួន មិនថាកិច្ចការដឹកនាំ ឬកិច្ចការផ្សេងៗ។ ការភ្ជាប់ទៅនឹងគំនិតថ្មី ឧទាហរណ៍ដូចជាការប្រើបច្ចេកវិទ្យាថ្មីៗ នឹងភ្ជាប់ទៅនឹងលទ្ធផល ប្រសិទ្ធិភាពនិងគុណភាពថ្មីៗផងផងដែរ។

. ការដឹកនាំដោយភ្ជាប់គំនិតច្នៃប្រឌិត

ជាអ្នកដឹកនាំមួយរូបដែលមានស្មារតីនៃអ្នកដឹកនាំក្នុងខ្លួន គឺចេះប្រើការច្នៃប្រឌិតរបស់ខ្លួន។ការប្រើគំនិតថ្មីប្រកបដោយភាពច្នៃប្រឌិត នឹងជួយឱ្យលទ្ធផលនៃកិច្ចការមិនច្រំដែលក៏ដូចជាបង្កើតជាបរិយាកាសមិនធុញទ្រាន់ ក្នុងបរិបទកិច្ចការទាំងមូល។

. ការដឹកនាំដោយស្វ័យភាពម្ចាស់ការ

ស្មារតីជាអ្នកដឹកនាំពិតណាស់ការម្ចាស់ការក្នុងការដឹកនាំគឺត្រូវតែមាន ពោលគឺការចេះស្វះស្វែងរកគំនិតថ្មី ស្រាវជ្រាវរៀនសូត្របទពិសោធថ្មីទៅតាមបច្ចុប្បន្នភាពដែលខ្លួនកំពុងរស់នៅ។ ក្នុងនេះលោកក៏បានឧទាហរណ៍ ការស្វះស្វែងរកសូត្រចំណេះដឹងបច្ចេកវិទ្យាដែលវិវឌ្ឍថ្មីៗសម្រាប់ការប្រើប្រាស់ក្នុងអាជីពរបស់ខ្លួនផងដែរ។

. ការដឹកនាំដោយហ៊ានទទួលខុសត្រូវ

ចំណុចនេះ លោកអតីតនាយកសាលា ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រសួងអប់រំបានលើកឡើងថា ជាអ្នកដឹកនាំដែលមានស្មារតីដឹកនាំ គឺហ៊ានទទួល ទាំងខុស ទាំងត្រូវនៅលើកិច្ចការរបស់ខ្លួន។ដែលនេះបញ្ជាក់ថាជាមេដឹកនាំ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ទៅលើកិច្ចការខ្លួន។ ដូច្នេះការដឹកនាំគឺពុំមែនទទួលតែត្រូវ ហើយទៅទម្លាក់កំហុសទៅលើអ្នកក្រោមបង្គាប់ ឬកូនក្រុមដែលចាកឆ្ងាយពីស្មារតីនៃអ្នកដឹកនាំ មួយរូបដែលមានទំនួលខុសត្រូវ។

សរុបមក ស្មារតីនៃអ្នកដឹកនាំគឺចេះបង្កើតគំនិតអ្វីដែលថ្មី ប្រកបភាពច្នៃប្រឌិតក្នុងកិច្ចការងារ ក៏ដូចជា ជាស្មារតីដែលប្រកបដោយភាពម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់៕