សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គម្រោង​​លក់​បែប​ពីរ៉ាមីដ (Pyramid Scheme) គឺ​ជា​ប្រព័ន្ធ​រក​ប្រាក់​​ចំណូល​មិន​សុចរិត​មួយ ដែល​តម្រូវ​​​ឱ្យ​ជ្រើស​រើស​សមាជិក​ថ្មី​ចូល​ មិន​ចេះ​​អស់​មិន​ចេះ​ហើយ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​។ ក្នុង​ប្រព័ន្ធ​​នេះនៅ​ពេល​បុគ្គល​ "ក"ត្រូវ​ណែ​នាំ​ឱ្យ​ចូល​ក្នុង​ប្រព័ន្ធ​គាត់​ត្រូវ​បង់​ប្រាក់​ឱ្យ​អ្នក​នាំ​គាត់​ចូល ​ហើយ​ដើម្បី​​បាន​ប្រាក់​ចំណូលគាត់​ត្រូវ​ជ្រើស​អ្នក​ថ្មី​ផ្សេង​​ៗ​ទៀត​​ឱ្យ​ចូល​ក្នុង​ប្រព័ន្ធ​នេះ​។

នៅ​ពេល​សមាជិក​ថ្មី​ចូល​មក​ក្នុង​គម្រោង​នេះនឹង​បន្ត​ផ្សព្វ​ផ្សាយ​ជ្រើស​រើស​សមាជិក​ផ្សេង​ៗ​ទៀត ក្នុង​ទម្រង់​​ដដែល​ជា​បន្ត​បន្ទាប់ដើម្បី​ទទួល​បាន​កម្រៃដែល​ជា​លទ្ធផល​គម្រោង​នេះ នឹង​មាន​រាង​ជា​ពីរ៉ាមីដ​ដូច​ខាង​ក្រោម​។

Image

ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោកចាត់​ទុក​គម្រោង​លក់​បែប​ពីរ៉ាមីដ​បែប​នេះ​ជា​អំពើ​ខុស​ច្បាប់។ ជា​ការ​ពិត​ គម្រោង​បែប​នេះ​ខុស​ច្បាប់​ព្រោះ​ថាកម្រៃ​ដែល​ទទួល​បាន​ពី​គម្រោង​នេះ​ជា​ទូ​ទៅ​កើត​ចេញ​ពី​ការ​បង់​ថ្លៃ​​ចុះ​ឈ្មោះ​ចូល​រួម​ក្រុម​មិន​មែន​ផ្អែក​លើ​ការ​លក់​ផលិត​ផល ឬ​សេវា​នោះ​ទេ។

ស្រដៀង​គ្នា​នេះមាន​យុទ្ធ​សាស្រ្ត​​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា"ទី​ផ្សារ​បណ្តាញ​ (Multi-LevelMarketing)” ដែល​ជា​ប្រភេទ​​មួយ​នៃ​ទម្រង់​ពី​រ៉ា​មីដ​ដែរ ប៉ុន្តែ​ជា​សកម្មភាព​​លក់​ផលិត​ផល​​ ឬ​សេវា​ពិត​ប្រាកដ​។ ទី​ផ្សារ​បណ្តាញ​ដែល​លក់​ផលិតផល ​ឬ​សេវា​ពិត​ប្រាកដ​មួយ​ចំនួនគេ​មិន​ចាត់​ទុក​ជា​ខុស​ច្បាប់​ឡើយប៉ុន្តែ​ទី​ផ្សារ​បណ្តាញ​មួយ​ចំនួន​ទៀតក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​​ផង​ដែរ។ ម្យ៉ាង​ទៀត គឺ​ផ្សារ​បណ្តាញក៏​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ដែរប្រសិន​បើ​ទំនិញ ឬ​សេវា​ដែល​ជា​កម្ម​វត្ថុ​​នៃ​ការ​លក់​​ឱ្យ​អតិថិជន​នោះ​ជា​ទំនិញ ឬ​សេវា​ខុស​ច្បាប់​ឬ​ទំនិញ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​។

ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់នៃ​ព្រះ​រាជាណាច​ក្រ​កម្ពុជាដែល​ប្រកាស​ឱ្យ​ប្រើ​ថ្ងៃ​ទី​២ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មាត្រា​២០ កថាខណ្ឌ​ទី​១ចែ​ង​ថា​៖ "បុគ្គល​ណា​មួយមិន​ត្រូវ​ជម្រុញ​ ឬ​ប្រតិបត្តិ​​គម្រោង​​លក់​បែប​ពីរ៉ា​មីដ​ឡើយ​"

ចំណែក​កថា​ខណ្ឌ​ទី​២នៃ​មាត្រា​ខាង​លើ បាន​ឱ្យ​និយម​ន័យគម្រោង​លក់​បែប​ពី​រ៉ាមីដ​នេះ​។

ច្បាប់​ស្តី​​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​បាន​ប្រើ​ពាក្យ​"អំពើ​លក់​​បែប​ពី​រ៉ា​មីដ​ ឬ​ការ​លក់​​ដែល​ភ្ជាប់​សេចក្តី​បរិយាយ​ពាណិជ្ជ​កម្ម​មិន​ពិត​" សំដៅ​​ដល់​សកម្មភាព​ដែល​ល្មើស​ច្បាប់​។

មាត្រា​៤៥​ នៃ​ច្បាប់​ដដែល​ចែង​ថា៖"ត្រូវ​ពិន័យ​​អន្តរការណ៍​ជា​​ប្រាក់​មិន​លើស​ពី​៨០​លាន​រៀលចំពោះ​អំពើ​លក់​បែប​ពីរ៉ាមីដ​ឬ​ការ​លក់​​ទំនិញ​ដែល​មាន​ភ្ជាប់​សេចក្តី​បរិយាយ​​ពាណិជ្ជ​កម្ម​​មិន​ពិត​។"

ចំណែក​មាត្រា​៤៦ ចែង​ថា៖ "​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី៦​ខែ ទៅ​២​ឆ្នាំនិង​ត្រូវ​ពិន័យ​​ជា​ប្រាក់​ពី​១​លាន​រៀលទៅ​៤​​លាន​រៀល ចំពោះ​អំពើ​លក់​បែប​ពីរ៉ាមីដឬ​ការ​លក់​ទំនិញ​ដែល​មាន​ភ្ជាប់​សេចក្តី​​បរិយាយ​ពាណិជ្ជ​កម្ម​មិន​ពិតហើយ​ដែល​បង្ក​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាពនិង​សុវត្ថិភាព​អ្នក​ប្រើ​​ប្រាស់​"។

ជា​ចុង​ក្រោយ​មាត្រា​៤៧ចែង​ថា​៖ "ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​​ពី​២ទៅ​៥​ឆ្នាំ ចំពោះ​អំពើ​លក់​ពី​បែប​ពី​រ៉ា​មីដឬ​ការ​លក់​ទំនិញដែល​មាន​ភ្ជាប់​សេចក្តី​បរិយាយ​ពាណិជ្ជកម្ម​មិន​ពិតដែល​បណ្តាល​ឱ្យ​មាន​ពិការ​ភាព​អចិន្រ្តៃយ៍​ឬ​បណ្តាល​ឱ្យ​បាត់​បង់​អាយុ​ជីវិត​" ។

Image

ប្រភព​៖ អត្ថបទ​ខ្លី​ដោយ​​លោក នូ ចន្ថា