រាជធានីភ្នំពេញ៖ ក្នុងរយៈពេលជាងមួយឆ្នាំកន្លះ នៃការប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាលកូវីដ១៩ក្នុងប្រទេសកម្ពុជា នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ៣២នាក់ ទៀត ដែលជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ មិនធ្លាប់មានទេនៅកម្ពុជា។
ការស្លាប់ដ៏ខ្ពស់ប្រចាំថ្ងៃនេះ បានធ្វើឲ្យតួលេខអ្នកស្លាប់ដោយសារកូវីដ១៩សរុបឡើងដល់ ៦៦០នាក់ហើយ។ ក្នុងថ្ងៃនេះផងដែរក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញករណីឆ្លងថ្មីចំនួន ៩៦៦នាក់ទៀត (សរុបនៃការឆ្លង ៥២, ៣៥០នាក់) ក្នុងនោះមានករណីនាំចូលថ្មីពីក្រៅប្រទេស ១៩២នាក់ទៀត(សរុបការនាំចូល ២,៨៧២នាក់) និងមានអ្នកជាសះស្បើយថ្មី ៦៥០នាក់ផងដែរ( សរុបអ្នកជាសះស្បើយ ៤៥, ៥០៨នាក់ )។
សូមជម្រាបជូនផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានវ័យពី ១៨ឆ្នាំគឺសរុបបានជាង ៤លាននាក់ហើយមកត្រឹមថ្ងៃនេះ ដែលល្បឿននៃការចាក់វ៉ាក់សាំងចុងក្រោយនេះ គឺអាចសម្រេចបានប្រមាណ១លាននាក់ ក្នុងពេលប្រមាណ១០ថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីម្សិលមិញ ក៏បានចេញសារជាយុទ្ធសាស្រ្ដនិងវិធានការបន្ថែម ដើម្បីទប់ស្ដាត់ការឆ្លងថ្មី កាត់បន្ថយអត្រានៃការស្លាប់ និងជាពិសេស ក្រើនរំលឹកពីការទប់ទល់នឹងរលកថ្មីនៃវីរុស ប្រភេទ Delta នៅតាមច្រកព្រំដែន ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ពីប្រទេសជិតខាង៕