បន្ទាយស្រី៖  ក្នុងថ្ងៃ ១៦ កុម្ភៈ ២០២១ រដ្ឋបាលស្រុកបន្ទាយស្រី បានចាប់ផ្ដើមបំពាក់កាមេរ៉ា សុវត្ថិភាព តាមគោលដៅដែលសំខាន់ៗក្នុងស្រុក ដើម្បីបង្កើន សមត្ថភាពក្នុងការធានាបាននូវភូមិឃុំមានសុវត្ថិភាព។

គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រី នឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់។

សូមជម្រាបជូនដែរថា កាមេរ៉ាសុវត្ថិភាពដែលបានបំពាក់ទាំងនេះ  ប្រើដោយប្រព័ន្ធសូឡា ស្វ័យប្រវត្តិ មានសមត្ថភាពឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង អាចងាករេនិងទាញយករូបភាពជិតឆ្ងាយបាន និងភា្ជប់ជាមួយប្រព័ន្ធអុីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។

ក្នុងនាមជាស្រុកទេសចរណ៍ ការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។ 

រដ្ឋបាលស្រុក បន្ទាយស្រី លោក ឃឹម​ ហ្វីណង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថិភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ។

#ភូមិឃុំមានសុវត្ថិភាព