សៀមរាប ៖ ក្នុងគោលដៅ និងផែនការប្រែក្លាយឱ្យទៅជាតំបន់គោលដៅទេសចរណ៍សំខាន់បន្ទាប់ពីក្រុងអង្គរ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន និងកំពុងតែព្យាយាមអភិវឌ្ឍ និងរៀបចំខ្លួនជាបន្តបន្ទាប់តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការថែរក្សាអនាម័យ សណ្ឋាប់ធ្នាប់ បរិស្ថានល្អ និងការលើកម្ពស់ចំណេះដឹងប្រជាជនឱ្យជ្រាបពីសារប្រយោជន៍នៃវិស័យទេសចរណ៍ នៅពេលខាងមុខនេះនឹងមានការរៀបចំប្រឡងប្រណាំងផ្ទះគំរូបន្ថែមទៀត ខណៈដែលពេលបច្ចុប្បន្នមានភូមិគំរូចំនួន១រួចទៅហើយនោះ ។ 

ស្រុកបន្ទាយស្រី ក្រៅពីមានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិនានាជាច្រើនទីតាំង បច្ចុប្បន្នតាមរយៈរដ្ឋបាលស្រុកបានធ្វើការអភិវឌ្ឍន៍ជាជំហានៗនៅតាមភូមិឃុំមួយចំនួនទៅតាមផែនការដែលបានគ្រោងទុក និងឈានទៅរកការសម្រេចឱ្យបាននូវការប្រែក្លាយស្រុកមួយនេះឱ្យទៅជាតំបន់គោលដៅទេសចរណ៍យ៉ាងសំខាន់នៅក្នុងខេត្តសៀមរាប។ 

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា នៅក្នុងស្រុកបន្ទាយស្រីដែលលោកកំពុងគ្រប់គ្រងរាល់ថ្ងៃនេះមានភូមិចំនួន៣៦ ហើយភូមិនិមួយៗកំពុងតែព្យាយាមអភិវឌ្ឍ ក្រោមការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន សិស្សានុសិស្ស និងក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ លោកថាបច្ចុប្បន្នក្នុងចំនួនភូមិទាំង៣៦ ភូមិព្រះដាក់បានក្លាយជាភូមិគំរូមុនគេ ខណៈដែលនៅពេលឆាប់ៗខាងមុខនេះ នឹងមានការប្រឡងប្រណាំងផ្ទះគំរូបន្ថែមទៀត។ 

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ស្រុកបន្ទាយស្រី មានសភាពស្អាតគ្មានសំរាមនោះ គឺដោយសារមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងសកម្មភាពរបស់អាជ្ញាធរភូមិ-ឃុំ ក៏ដូចជា កម្លាំងយុវជនស្ម័គ្រចិត្ត ក្នុងការចុះណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីសារៈប្រយោជន៍នៃការសំអាតអនាម័យបរិស្ថាន ជាដើម”។ លោកបន្តថា “មេភូមិនីមួយៗ មានកាព្វកិច្ចដឹកនាំក្នុងមួយខែត្រូវតែយកពេល១ថ្ងៃ ធ្វើសកម្មភាពសម្អាតបរិស្ថាននៅក្នុងភូមិរបស់ពួកគាត់។ ដោយដឹកនាំកូនសិស្ស ប្រជាការពារ ប្រជាពលរដ្ឋរើសសំរាមតាមទីសារធាណៈ ! អីញ្ចឹង បើម្នាក់ៗ គិតថាមិនមែនសំរាមខ្លួននោះ សំរាមមិនដឹងទៅណាទេ ដូច្នេះ យើងមានយន្តការជាប្រចាំ”។

ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងថា ការរៀបចំភូមិនេះ បានធ្វើឱ្យមានទំនាក់ទំនងគ្នារវាងភាពស្អាត និងតម្លៃផ្នែកសេដ្ឋកិច្ចដល់អ្នកភូមិ រហូតដល់ពេលនេះ មានរយៈពេលជិតមួយឆ្នាំហើយ។ នៅពេលខាងមុខនេះ នឹងមានការដាក់ការប្រឡងប្រណាំងផ្ទះស្អាតផងដែរ រហូតដល់ដាក់ការប្រណាំងផ្ទះស្អាតនៅក្នុងស្រុកបន្ទាយស្រីតែម្តង។

គួរគត់សម្គាល់ផងដែរថា ស្រុកបន្ទាយស្រីត្រូវបានសាធារណៈជនភាគច្រើន ក៏ដូចជាទេសចរណ៍ក្នុង ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តទទួលស្គាល់ថា ពិតជាមានការកែប្រែ និងអភិវឌ្ឍប្រែក្លាយពីតំបន់ទីជនបទស្ងប់ស្ងាត់មកជាតំបន់គោលដៅទេសចរណ៍ទៅតាមភូមិឃុំមួយចំនួនបន្ទាប់ពីមានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋជាមួយរដ្ឋបាលស្រុក និងមន្ត្រីបរិស្ថាន។ 

ជាមួយនឹងការព្យាយាមកែលម្អរនៅតាមមូលដ្ឋានជាបណ្តើរទៅតាមផែនការ បច្ចុប្បន្នសម្រាប់តែភូមិព្រះដាក់ ឃុំព្រះដាក់មានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមានការសាងសង់ផ្លូវបេតុង ផ្លូវដីក្រហម សម្រាប់បម្រើដល់ការដឹកជញ្ជូនក្នុងតំបន់ ការបំពាក់អំពូលតាមមុខផ្ទះក្នុងយុទ្ធនាការ «ផ្ទះមួយអំពូលមួយ» ការថែរក្សាបរិស្ថានស្អាត លំនៅដ្ឋានគ្មានសំរាម រួមជាមួយនឹងការបង្កើតជាកសិដ្ឋានទេសចរណ៍ជាដើម។ 

បន្ថែមពីនេះ សម្រាប់ដីដែលនៅទំនេរស្ថិតនៅក្នុងឃុំតារុនឯក នឹងមានលំហូរប្រជាជនចូលទៅសាងសង់លំនៅដ្ឋានប្រមាណជាង៤០០គ្រួសារ ដែលត្រូវបានផ្លាស់ប្ដូរពីសំណង់បណ្តោះអាសន្នតាមមាត់ស្ទឹងសៀមរាបក្រោមការរៀបចំដោយមន្ត្រីរៀបចំដែនដី ដោយក្នុងមួយគ្រួសារទទួលបានដីឡូតិ៍ទំហំ២០ x ៣០ម៉ែត្រ ដែលកាន់តែជំរុញឱ្យកំណើនប្រជាសាស្ត្រនៅក្នុងស្រុកមួយនេះមានកាន់តែច្រើនបន្ថែមទៀត៕