ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញចុះប្រកាសតែងតាំងសមាសភាពមន្រ្តីស្ថានីយថ្លឹងយានយន្ត និងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន ពុកឆ្មា-ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានមួយចំនួនចូលរួមផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គពិធីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានគាំទ្រ និងសហការលើការដាក់ដំណើរស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នក្នុងខេត្តបាត់ដំបង។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្រ្តីដែលទើបតែងតាំងថ្មីឱ្យខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ អនុវត្តឱ្យតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃច្បាប់ និងណែនាំឱ្យអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់នេះឱ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងគ្រប់ម្ចាស់យានយន្តដឹកជញ្ជូន ហើយក្រុមការងារត្រូវតែមានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ និងត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ប្រកបដោយតម្លាភាព និងគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់។
គួរបញ្ជាក់ផងដែរថា ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តផ្លូវការចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសហការជាមួយមន្រ្តីមានសមត្ថកិច្ចអនុវត្តតាមបទបញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕