ខេត្តកំពត៖ ក្រោយពីមានការសម្រេចដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុងបូកគោ ដែលជាក្រុងថ្មីក្នុងទឹកដីខេត្តកំពត ថ្មីៗនេះទើបមាន​​ការ​បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល និងមានការតែងតាំងអភិបាលក្រុងថ្មី ខណៈដែលសកម្មភាពអភិវឌ្ឍន៍ពីវិស័យឯកជនមួយចំនួន ក៏កំពុងតែ​បង្ហាញមុខជា​បណ្តើរៗ​។

លោក សុខ ប៊ុនធឿន ប្រធានផ្នែកគ្រប់គ្រងភ្នែកលក់ ក្រុមហ៊ុនភ្នាក់ងារជំនាញលក់ដីឡូតិ៍ខេត្តកំពត បានអះអាងថា​បច្ចុប្បន្ននេះសកម្មភាពទិញលក់ដីធ្លីនៅក្នុងនិងក្បែរតំបន់អភិវឌ្ឍន៍ក្រុងបូកគោថ្មី ពិតជាមានមែន ប៉ុន្តែមិនពុះកញ្ច្រោលខ្លាំងដូចការលើកឡើងរបស់ឈ្មួញកណ្តាលពោលនោះឡើយ ហើយ​តម្លៃក៏មានតំបន់ខ្លះដែលមានការអភិវឌ្ឍន៍ឡើងតិចតួច ហើយនៅតំបន់ដែលមិនមានសកម្មភាពអភិវឌ្ឍន៍ ឬគ្រាន់តែព័ទ្ធរបងចោលដាក់ស្លាកលក់នោះ​គឺមិន​មានការឡើងថ្លៃនោះទេ។

អ្នកជំនាញផ្នែកលក់ដីធ្លីនៅក្នុងខេត្តកំពតរូបនេះបានអះអាងថា៖ “ខ្ញុំមិនដឹងថា អ្នកដែលនិយាយនោះគាត់និយាយដីនៅក្នុងគម្រោង​ណាមួយឲ្យច្បាស់​នោះ​ទេ ព្រោះបើដីដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួនដែលកំពុងមានសកម្មភាពសព្វថ្ងៃភាគច្រើគឺនៅរក្សាតម្លៃដដែល ហើយបើឡើងថ្លៃ អាច​មានតែម្ចាស់ដីដើមផ្ទាល់ដែលគាត់អាចលក់ឡើងថ្លៃតិចតួច នៅពេលមានឈ្មួញឬអ្នកអភិវឌ្ឍន៍ចូលមកសួរនាំរកទិញទុកក្នុងទ្រង់ទ្រាយធំដែលស្ថិត​នៅតំ​បន់​ក្បែរជើងភ្នំ ឬក្រៅក្រុងអភិវឌ្ឍន៍បូកគោថ្មីតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយថាតម្លៃដីទូទៅនៅក្នុងតំបន់ និងក្បែរកន្លែងអភិវឌ្ឍន៍ឡើងថ្លៃខ្លាំងនោះគ្រាន់​តែ​ជាពាក្យមិនពិត។ នេះបើតាមអ្វីដែលខ្ញុំដឹង”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក កែវ សុជាតិ ប្រធានសាខាក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត បានទទួលស្គាល់ថាបច្ចុប្បន្នឃើញមានអ្នកវិនិយោគ និងឈ្មួញជាច្រើនបានកំពុងចាប់អារម្មណ៍និងសម្លឹងចង់ចាប់ឱកាសវិនិយោគនៅតំបន់ដែលកំពុងមានសកម្មភាពខាងលើនេះ ប៉ុន្តែអាចពិចារណាពាក់ព័ន្ធទៅនឹងបញ្ហានៃតម្លៃ។

លោកបានបញ្ជាក់ថា“ក្រោយពេលមានផែនការ និងសកម្មភាពអភិវឌ្ឍន៍មួយចំនួននៅតំបន់ក្រុងបូកគោថ្មីនេះ ឃើញមានអ្នកជំនួញដីធ្លី ឧកញ៉ា និងម្ចាស់​ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនចុះមើលដីញឹកញាប់ដើម្បីស្ទាប់ស្ទង់ និងសិក្សាមើលពីឱកាសចំណេញរបស់ពួកគេ ហើយបើនិយាយពីតម្លៃដីធ្លី​ជាក់​ស្ដែង​នៅពេលនេះ បើប្រៀបធៀបទៅនឹងកាលពីជាងមួយឆ្នាំមុន ដូចជាដីដែលមានទំហំធំស្ថិតនៅក្បែរជើងភ្នំដែលត្រូវនឹងគម្រោងអភិវឌ្ឍន៍ជាតំបន់លំហែរឬផ្ទះ​លំហែរជាដើមនោះ”។

លោក កែវ សុជាតិ ក៏បានបង្ហាញឲ្យឃើញឡើងពីការឡើងថ្លៃដីសម្រាប់ទីតាំងនេះបន្តិច ពី១២ដុល្លារក្នុងមួយម៉ែត្រការ៉េដល់ប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះតិចតួច ដែលវា​អាស្រ័យ​តាម​ទីតាំងនិងទំហំដី ដោយឡែកសម្រាប់ការពុះដីឡូតិ៍ ដូចជាមិនសូវឡើងតម្លៃខ្លាំងនោះទេ៕