រាជធានីភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុសដែលជាជំនួយរបស់ភាគីចិន ជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម Wang Wentian មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវរលកថ្មីនៃជំងឺវីរុសកូវីដកាលពីខែកុម្ភៈឆ្នាំ២០២១នេះមក រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងផ្តល់ជំនួយជាវ៉ាក់សាំងនិងសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុសជូនដល់ភាគីកម្ពុជា ហើយបណ្តាខេត្តក្រុងក្នុងប្រទេសចិនបានផ្តល់ជំនួយដល់រាជធានីភ្នំពេញ ជួយភាគីកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។ 

ហើយជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងដែលផ្តល់ជូននាលើកនេះជាការផ្តល់ជូនរបស់ខេត្តក្រុងចំណងមេត្រីជាមួយរាជធានីភ្នំពេញក្នុងនោះរួមមាន ទីក្រុងGuangzhou រដ្ឋធានីប៉េកាំង ខេត្តFujian ទីក្រុងKunming ទីក្រុងShanghai ទីក្រុងHefei ទីក្រុងWuhan ទីក្រុងNanningជាដើម។ 

សម្ភារៈទាំងនោះរួមមានម៉ាស៊ីនផលិតអ៊ុកស៊ីសែន ម៉ាស៊ីនផលិតអ៊ុកស៊ីសែនអ៊ីដ្រូសែន ឱសថបុរាណចិនLianhua Qingwen និងថ្នាំកម្ចាត់មេរោគជាដើម។ នេះបានបង្ហាញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃបណ្តាខេត្តក្រុងខាងលើជាមួយនឹងប្រជាជនរាជធានីភ្នំពេញ។ ឯកឧត្តមសង្ឃឹមថាសម្ភារៈទាំងនេះអាចជួយដល់កិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។

ឯកឧត្តម Wang Wentian បានបន្តទៀតថា ថ្ងៃនេះក្រៅពីប្រគល់និងទទួលសម្ភារៈដែលជាជំនួយរបស់ចំណងមេត្រីនៃបណ្ដាខេត្តក្រុងប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជាក៏បានផ្តល់ជំនួយពិសេសជាឱសថចិន Huashi Baidu Keli ចំនួន១០កេះដល់រាជធានីភ្នំពេញផងដែរ។ 

ឱសថមួយប្រភេទនេះជាឱសថត្រូវបានណែនាំនៅក្នុងត្រីវិស័យរបស់ចិនក្នុងការព្យាបាលជំងឺវីរុសកូវីដ ក៏ជាឱសថមួយក្នុងចំណោមក្នុងចំណោម“ឱសថទាំងបី” របស់ចិនសម្រាប់ការព្យាបាលជំងឺវីរុសផងដែរ។ ឱសថនេះជាវេជ្ជបញ្ជាដែលមានប្រសិទ្ធភាពដែលត្រូវបានសង្ខេបដោយក្រុមការងារលោក Huang Luqi ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនក្នុងកំឡុងពេលដែលព្យាបាលជំងឺវីរុសកូវីដនៅក្នុងទីក្រុងWuhanប្រទេសចិនដោយផ្អែកលើការសង្កេតព្យាបាលជំងឺ។ ឱសថនេះអាចរារាំងការវិវត្តនៃស្ថានភាពជំងឺ ព្យាបាលអាការៈ ជាពិសេសជួយកាត់បន្ថយរយៈពេលនៃជំងឺវីរុសបានយ៉ាងល្អ។ បច្ចុប្បន្ននេះត្រូវបានផលិតនិងដាក់លក់នៅលើទីផ្សារដោយក្រុមហ៊ុនស៊ីណូហ្វាមចិន។ សង្ឃឹមថានឹងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់បណ្ដាខេត្តក្រុងក្នុងប្រទេសចិនដែលជាចំណងមេត្រីរបស់រាជធានីភ្នំពេញក៏ដូចជាស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុស។ ឯកឧត្តមមានប្រសាសន៍ថាចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមក រដ្ឋាភិបាលចិនបានផ្តល់ជំនួយក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះគឺការផ្គត់ផ្គង់វ៉ាក់សាំង។ ចិនបានក្លាយជាបង្អែកយុទ្ធសាស្រ្តរបស់កម្ពុជា៕