NSA ដែលជាអង្គភាពផ្នែកចារកម្មថ្នាក់ជាតិដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានធ្វើការព្រមានដល់នាយទាហាន និងភ្នាក់ងារចារកម្មទាំងអស់ ឱ្យចៀសវាងការប្រើប្រាស់មុខងារតាមដានទីតាំង តាមដែលអាចធ្វើទៅបាន នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ ទោះបីជាទិន្នន័យទាក់ទងនឹងទីតាំងភាគច្រើនត្រូវបានប្រើប្រាស់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មក្ដី ក៏គេឃើញមានរដ្ឋាភិបាលមួយចំនួន បានព្យាយាមប្រមូលយក និងប្រើប្រាស់ទិន្នន័យដ៏មានតម្លៃនេះផងដែរ។ ជាឧទាហរណ៍ អង្គភាពតាមដានការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក (ICE) ក៏បានប្រើទិន្នន័យនេះដើម្បីឃ្លាំមើលជនអន្តោប្រវេសន៍ខុសច្បាប់ និងអ្នកលួចឆ្លងដែន ដូច្នេះមានន័យថារដ្ឋាភិបាលនៃប្រទេសផ្សេងទៀតក៏អាចកំពុងប្រើប្រាស់ទិន្នន័យនេះរួចហើយដែរ។
ក្រៅពីមុខងារតាមដានទីតាំង អង្គភាពនេះក៏បានធ្វើការណែនាំឱ្យចៀសវាងប្រើឧបករណ៍ផ្សេងៗទៀតមានដូចជា ឧបករណ៍សម្រាប់តាមដានការហាត់ប្រាណ នាឡិកាវៃឆ្លាត និងឧបករណ៍ IoT ជាដើម។ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាមួយមុខងារនេះ។ កាលពីឆ្នាំ២០១៨ មន្ទីរប៉ង់តាហ៊្កន់ (Pentagon) បានហាមឃាត់នាយទាហានទាំងអស់មិនឱ្យប្រើមុខងារតាមដានទីតាំងនេះទេ នៅពេលដែលពួកគេឈរជើងនៅកន្លែងសំខាន់ៗ ឬកន្លែងដែលកំពុងតែមានការប្រយុទ្ធគ្នានោះ។
ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាការការពារឯកជនភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានធ្លាប់ណែនាំដល់បងប្អូនអ្នកប្រើប្រាស់ទាំងអស់ សូមកុំបើកមុខងារតាមដានទីតាំងនេះ បើពុំមានការចាំបាច់ ឬគ្រាន់តែកំណត់ឱ្យបើកប្រើមុខងារនេះនៅពេលដែលកំពុងប្រើកម្មវិធីណាមួយនោះបើអាចធ្វើទៅបាន៕