បរទេស៖ សីតុណ្ហភាពនៅភាគខាងជើងនៃទីក្រុងអាល់ចាហារនៃប្រទេសគុយវ៉ែត នាដើមខែកក្កដានេះ បានឡើងដល់៥៣.៥ អង្សាសេ ធ្វើឱ្យប្រទេសគុយវ៉ែត ក្លាយជាប្រទេសដែលក្តៅបំផុតមួយនៅលើពិភពលោក។ ចំណែកនៅភាគខាងត្បូងនៃទីក្រុងគុយវ៉ែត ដែលជាប់ព្រំប្រទល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក៏មានសីតុណ្ហភាពខ្ពស់បំផុតនៅលើពិភពលោក ដោយមានកំនត់ត្រា ៥៣,២ អង្សាសេ។

បើប្រៀបធៀបនឹងប្រទេសលើពិភពលោក គុយវ៉ែតគឺត្រូវបានកត់ត្រាជាកន្លែងដែលក្តៅបំផុតនៅលើផែនដីក្នុងឆ្នាំ២០២១។ សីតុណ្ហភាពប្រទេសជិតខាង ដូចជានៅអ៊ីរ៉ាក់ឡើងដល់ ៥១,៦ អង្សាសេ កាលពីថ្ងៃទី ១ ខែកក្កដា និងទីក្រុងអូម៉ីឌីយរបស់អ៊ីរ៉ង់មានសីតុណ្ហភាពឡើងដល់៥១ អង្សាសេទៀតផង។

រលកកំដៅត្រូវបានគេរំពឹងថានឹងបក់នៅលើឧបទ្វីបអារ៉ាប់ចាប់ពីថ្ងៃទី ៧ខែមិថុនាដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំនេះ។ ប្រជាជននៅកុយវ៉ែត ក៏ត្រូវបានរាយការណ៍ដែរថា ទទួលរងពីការដាច់ចរន្តអគ្គិសនីនៅតំបន់ខ្លះនៃទីក្រុងចាហារ ចំពេលមានកំដៅខ្លាំង ដោយការប្រើប្រាស់មានតម្រូវការកាន់តែខ្ពស់។

CNN បានរាយការណ៍ថ្មីៗនេះថា​ ការស្លាប់ដោយសាររលកកំដៅនៅប្រទេសកាណាដា អង់គ្លេសមានជាង ២០០នាក់ ផងដែរ៕