សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី( Lee Hsien Loong) បាននិយាយកាលពីថ្ងៃច័ន្ទ (១៤ ធ្នូ)ពីការសម្រេចអនុម័តការចាក់វ៉ាក់សាំង Pfizer-BioNTech Covid-19 សម្រាប់ការប្រើប្រាស់ ហើយការដឹកជញ្ជូនលើកដំបូង នឹងមកដល់នៅចុងខែធ្នូនេះ។

លោកលី បានបន្ថែមទៀតថា“ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានអនុវត្តតាមផែនការ” នោះនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងប្រទេសសិង្ហបុរី នៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ ។  រដ្ឋាភិបាលសិង្ហបុរី បានទទួលយកអនុសាសន៍របស់គណៈកម្មាធិការជំនាញ ដើម្បីធ្វើឱ្យការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ក៏ដូចជាគោលដៅចាក់វ៉ាក់សាំង ដល់ប្រជាជនពេញវ័យទាំំងអស់។ 

អាទិភាពទីមួយសម្រាប់វ៉ាក់សាំង គឺបុគ្គលិកសុខាភិបាល បុគ្គលិកជួរមុខ មនុស្សវ័យចំណាស់ និងជនងាយរងគ្រោះ។ បន្ទាប់ពីនេះ ប្រជាជនដែលនៅសល់នឹងអាចទទួលវ៉ាក់សាំងនៅចុងឆ្នាំ ២០២១។

រហូតមកដល់ពេលនេះ ប្រទេសសិង្ហបុរី បានត្រៀមថវិកាជាង ១ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល៧៥០លានដុល្លារ) ក្នុងការជំរុញការចាក់វ៉ាក់សាំង ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញជាមុន និងការទូទាត់ប្រាក់ដើម  ក្នុងនោះមានទិញពីក្រុមហ៊ុន Moderna របស់អាមេរិក និងវ៉ាក់សាំង Sinovac Biotech របស់ចិន៕