រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការហាមឃាត់កិច្ចសហការរបស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាមួយនឹងឧស្សាហករថ្នាំជក់ ក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា រួមទាំងមានវត្តមានវាគ្មិន និងសិស្ស និស្សិតជាង ៣០០នាក់ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គោលបំណងនៃសេចក្ដីណែនាំនេះ គឺហាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មិនអនុញ្ញាតឱ្យចាប់ដៃគូសហការ ទទួលការឧបត្ថម្ភ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិដូចជា សកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវ ដើម្បីគាំទ្រដល់សកម្មភាពអប់រំតាមគ្រប់រូបភាព និងមិនអនុញ្ញាតឱ្យផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សាហករថ្នាំជក់ឡើយ។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានបញ្ជាក់ថា សេចក្ដីណែនាំនេះគឺជាផ្នែកមួយនៃការចូលរួមអនុវត្តន៍អនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងនោះក្រោយពីមានការដាក់ចេញសេចក្ដីណែនាំនេះ គឺសង្កេតឃើញថា នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានចូលរួមអនុវត្តតាមបានជាច្រើនរួចមកហើយ ជាមួយគ្នានោះដែរ រដ្ឋអំណាចនៅតាមមូលដ្ឋាន ក៏បានចូលរួមគាំទ្រក្នុងការអនុវត្តន៍នូវសេចក្ដីណែនាំនេះ និងបានចូលរួមពិនិត្យនៅតាមមូលដ្ឋានរបស់គាត់ផងដែរ។

លោកជំទាវក៏បានបន្ថែមផងដែរ សេចក្ដីណែនាំនេះគឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តន៍វិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ លោកជំទាវក៏បានអះអាងថា យុទ្ធនាការណ៍នេះដែរក៏ដើម្បីជាសារមួយក្នុងការដាស់តឿនដល់យុវជន ឱ្យចូលរួមទប់ស្កាត់នូវការជ្រៀតចូលផលិតផលថ្នាំជក់ នៅក្នុងគ្រឹះស្ថានសិក្សាទោះជាក្នុងរូបភាពណាមួយក៏ដោយ។

គួរបញ្ជាក់ផងដែរថា យោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់ថ្នាំជក់ជាកត្តាចម្បងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥ ០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋអាមេរិកត្រូវបានខាតបង់៕