រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែលនឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោម ឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុ គណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែល គណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះ បាន ប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង៨៤,៧៤ គីឡូម៉ែត្រនៃគម្រោង ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ នឹង ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕